ពោធិសាត់ ៖ ជនសង្ស័យឈ្មោះទឹង រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីលួចគោញី១ក្បាលវះយកសាច់នៅចំណុចថ្មដំរី ស្ថិតក្នុងភូមិអន្សក្តាម ឃុំ ស្នាអន្សាស្រុកក្រគរ កាលពីថ្ងៃទី១៧ម្សិលមិញនេះ។
តាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះជួន សារឿន ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិខាងលើបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានដឹកគោពីចំណងចេញពីផ្ទះយកលែងឲ្យស៊ីស្មៅនៅកន្លែងដូចសព្វដង លុះដល់ម៉ោង១៤រសៀលថ្ងៃដដែលឈ្មោះជួន សារឿន បានប្រើកូនឈ្មោះសេត ដារិន ភេទប្រុស អាយុ១៨ឆ្នាំ និងក្មួយប្រុសឈ្មោះធូ សឿនអាយុ២៣ឆ្នាំ ឲ្យទៅរកគោដែលគាត់យកទៅលេងឲ្យស៊ីស្មៅ ខណៈពេលដែលទៅដល់ស្រាប់តែបាត់គោញី១ក្បាលទាំងពីរអ្នកក៏នាំគ្នាដើររករហូតដល់ម៉ោង១៦និង ៥០នាទីល្ងាយ ប្រទះឃើញជនសង្ស័យឈ្មោះទឹង រិទ្ធិ និងបក្ខពួក២នាក់ទៀត ខ្លះលីភ្លៅខាងក្រោយ ខ្លះលីភ្លៅខាងមុខ ជនសង្ស័យទាំងបីអ្នកក្រឡេកឃើញជនរងគ្រោះក៏នាំគ្នាយកភ្លៅគោទៅលាក់នៅក្នុងចំការដំឡូមីមានចម្ងាយ១០០ម៉ែត្រពីផ្ទះចាំចំការរបស់ជនសង្ស័យឈ្មោះទឹង រិទ្ធិ សមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តងនិងបក្ខពួកពីរអ្នកទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីរក យុត្តិធម៌ជូនជនរងគ្រោះ។
សមត្ថកិច្ចបានបន្តថា ការចាប់ខ្លួនជនសង្ស័យឈ្មោះទឹង រិទ្ធិ គឺធ្វើឡើងនៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះនិងមានការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ។ ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចផ្ទះចាំចំការ ហើយយកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ផែននគរបាលព្រហ្មទណ្ឌខេត្តដើម្បី ចាត់ការតាមនិតិវិធីច្បាប់ ៕