ភ្នំពេញ ៖ នៅវេលាម៉ោង២និង២០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ មានអគ្គីភ័យមួយបានកើតឡើងនៅឃ្លាំងទិញ-លក់អេតចាយ ស្ថិតតាមបណ្តោយផ្លូលំ៣៥D ក្រុមទី១៤ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលផ្នែកពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ គង់ ចាន់ ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ ម្ចាស់ឃ្លាំងទិញ-លក់ អេតចាយ។
ប្រភពដដែលបន្តមូលហេតុនាំឲ្យមានអគ្គីភ័យកើតឡើងបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ហើយទីតាំងកើតហេតុជាប្រភេទឃ្លាំងសង់ពីដែកប្រក់ស័ង្កសី ទំហំ៤៥ម៉ែត្រ គុណ២៤ម៉ែត្រ។ ក្នុងហេតុការណ៍គួរឲ្យរន្ធត់នេះ មិនបណ្តាលឲ្យមានរបួសដល់មនុស្សទេ។
សមត្ថកិច្ចបន្តថាក្នុងប្រតិបត្តិការខាងលើកម្លាំងការិយាល័យអគ្គីភ័យប្រើរថយន្តចំនួន២៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០៥គ្រឿង ស្មើនឹង ៤២០ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍មានដូចជាៈ រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ០៥ឡាន ស្មើនឹង ៤០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារចំនួន ០៥ប្រើប្រាស់ទឹកអស់ចំនួនមួយឡាន ស្មើនឹង២៤ម៉ែត្រគូប។
សមត្ថកិច្ចបញ្ជាក់ថា អគ្គីភ័យខាងត្រូវបានគ្រប់គ្រងបានជាស្ថាពរ នៅវេលាម៉ោង៧និង៣០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ៕