បាញ់សម្លាប់មនុស្សដូចបាញ់សត្វ ៖ ​នារី​ម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅ​ផ្លូវ​វេ​ង​ស្រេង​

19-August-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ​៖​ អំពើ​ឃាតកម្ម​បាញ់​សម្លាប់​មនុស្ស​ចំៗ​កណ្តាល​ក្រុងភ្នំពេញ​ កាន់តែ​មាន​លក្ខ​ណះ​រសើប​បំផុត​ដែល​សមត្ថកិច្ច​ប្រឈម​ការ​ទទួលខុសត្រូវ​សម្រាប់​ដែន​សមត្ថកិច្ច​ដែនដី​ខ្លួន​គ្រប់គ្រង​ដើម្បី​ធានា​អោយ​បាន​នូវ​សន្តិសុខ​ សណ្តាប់​ ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ស្រប​តាម​ទិស​ស្លោក​រាជរដ្ឋាភិបាល​លើ​យន្តការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​។​

​គួរ​អោយ​រន្ធត់​និង​ភ័យ​ខ្លាច​បំផុត​ខ​ណះនា​រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ ក្នុង​ចំណោម​ជន​រង​គ្រោះ​៥​នាក់​ រង​នូវ​បាញ់ប្រហារ​ដ៏​ឃោរឃៅ​ពី​ក្រុម​ខ្មាន់កាំភ្លើង​កាលពី​វេលា​ម៉ោង​៣​ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៧​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ ក្នុងភូមិ​ជ្រៃ​កោង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​៖​ មុន​ពេល​កើតហេតុ​ខាង​ជន​រង​គ្រោះ​មាន​គ្នា​៥​នាក់​(​ស្រី​៣​នាក់​)​ចេញពី​ក្លឹ​ប​កំសាន្ត​«​មី​ត​ណាយ​ក្លឹ​ប​»​ចៃដន្យ​អី​ក៏​ម៉ូតូ​ធាក់​មិន​ឆេះ​ ក៏​នាំ​គ្នា​បណ្តើរ​រក​ជាង​ជុស​ជុល​។​ ខ​ណះ​នោះ​ក៏​មាន​មនុស្ស​៤​នាក់​និង​ម៉ូតូ​២​គ្រឿង​បាន​ជិះ​មក​ចត​នៅ​ក្បែរ​ជន​រង​គ្រោះ​កំពុង​ជុស​ជុល​ម៉ូតូ​ និង​ចូល​មក​សួ​រក​ទិញ​ទឹក​ភេសជ្ជៈ​ ហើយ​អាច​ជា​ការ​និយាយ​ឡែបខាយ​ដោយ​ពាក្យ​មិន​ទំនង​ទៅ​លើ​នារីៗ​ទាំងនោះ​ ព្រមទាំង​ឮ​សំឡេង​បណ្តេញ​អោយទៅ​ចក​ម៉ូតូ​កន្លែង​ផ្សេង​ឆ្ងាយ​ពី​ពី​កន្លែង​ជុស​ជុល​ម៉ូតូ​ ក៏​ក្លាយទៅជា​កំហឹង​ពុះកញ្ជ្រោល​ទើប​ពួក​គេ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ដក​កាំភ្លើង​មិន​ស្គាល់​ម៉ាក​បាញ់ប្រហារ​អស់​ជា​ច្រើន​គ្រាប់​បណ្តាល​អោយ​នារី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។​ ដោយឡែក​ក្រុម​ជន​ដៃដល់​បើក​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ៖​ឈ្មោះ​ មូល​ ស៊ី​ម​ ភេទ​ស្រី​ អាយុ​ប្រហែល​២៥​ឆ្នាំ​ មុខរបរ​កម្មក​រោងចក្រ​ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ​ ដែល​បច្ចុប្បន្ន​មក​ស្នាក់​នៅ​បន្ទប់​ជួល​ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​ ករណី​បាញ់​សម្លាប់​មនុស្ស​ដូច​បាញ់​ចាប​នេះ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់​នៅឡើយ​ទេ​ ខ​ណះ​ទំនាក់ទំនង​មិន​បាន​ពី​លោក​ យឹ​ម​ សា​រ៉ា​ន់​ អធិការ​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៧​ ។​

​គួ​រំលឹក​ថា​៖​ ទឹកដី​ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​អំពើ​ឃាតកម្ម​ញឹកញាប់​ ប៉ុន្តែ​ភាគច្រើន​ជនល្មើស​ត្រូវ​បាន​បំបែកសំណុំរឿង​ដោយ​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៍​វែក​រកមុខ​ឃើញ​ចាប់​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ទៅ​សាលាដំបូង​រាជធានី​ ដូច​ជា​ករណី​ខ្មាន់កាំភ្លើង​នេះ​អាច​នឹង​រក​ឃើញ​ជន​ដៃ​ជន​ក៏​ដូច​ជា​សហចារី​ ខ​ណះ​សមត្ថកិច្ច​មូលដ្ឋាន​មាន​ច្រើន​ធ្លាប់​ល្បាត​នៅ​ពេល​រាត្រី​៕​

ចំនួនអ្នកទស្សនា

    20612557

  • ថ្ងៃនេះ8721
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54951
  • ខែនេះ170101
  • ឆ្នាំនេះ170101
  • សរុប20612557