ពោធិ៍សាត់ ៖ បុរសឈ្មោះ សួន ចាន់សេដ ភេទប្រុសអាយុ៣២ឆ្នាំ តូចចិត្តមានជម្លោះគ្រួសារសម្រេចបញ្ជប់ជីវិតចងករសម្លាប់ខ្លួននៅចំណុចក្រោលក្របីក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ។
ប្រភពសម្តីប្រពន្ធជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើហេតុ រូបនាងនិងប្តី(ជនរងគ្រោះ)មានជម្លោះប្រកែកគ្នាបន្តិចបន្តួច ហើយក្រោយមកប្តីនាងក៏ដើរគេចពីផ្ទះបាត់ទៅ ។ ពេលឃើញប្តីដើរចេញលែងនិយាយស្តីជាមួយ ខ្លួនគិតថា គេបញ្ជប់រឿងឈ្លោះប្រកែកគ្នាក្នុងគ្រួសារត្រឹមហ្នឹង ក៏នាំកូនឡើងលើផ្ទះចូលដេក ។ លុះបាត់ប្តីយូរពេក នាងទុកកូនស្រីតូចៗ២នាក់ឱ្យនៅក្នុងមុង ហើយនាងអង្គុយចាំស្តាប់ក្រែងប្តីត្រឡប់មកផ្ទះវិញ ខណៈនោះក្របីរបស់គាត់ក្នុងក្រោលផ្អើល នាងដើរទៅមើលខ្លាចមានជនខិលខូចលួច តែបែរទៅប្រទះឃើញ ប្តីចងកជាប់នឹងក្រោលក្របី ក៏ស្រែកជួយផងៗប្តីរបស់ខ្ញុំចងក ធ្វើឲ្យផ្អើលដល់ញាតិជិតខាងមកមើល តែ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ។ នាងបន្តថា រឿងបន្តិចបន្តចប៉ុណ្ណឹងនាងមិននឹកស្មានថា ប្តីខឹងរហូតដល់ទៅលួចធ្វើអត្តឃាតចងកសម្លាប់ខ្លួនបែបនេះ ដោយទុកកូនស្រីតូចៗ២នាក់ឱ្យក្លាយជាកូនកំព្រាឪពុក ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច្ឆ័យយ៉ាងយកចិត្តទុកដាក់របស់ជំនាញឃើញថា ជនរងគ្រោះពិតជាចងកសម្លាប់នៅក្រោលក្របីក្បែរផ្ទះរបស់ខ្លួនពិតមែន ។ សាកសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕