តុលាការចោទប្រកាន់ជនបង្កការផ្ទុះអាវុធលើរថយន្តក្រុង ចំនួន២បទល្មើស

19-August-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ​៖​ករណី​បុរស​ម្នាក់​ដែល​បាញ់​រថយន្តក្រុង​"​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​"​ ព្រោះ​ទំនាស់​រឿង​គ្រោះថ្នាក់​ចរាចរ​បន្តិចបន្តួច​ រហូត​មក​ទល់​ពេល​នេះ​ លោក​ឡុ​ង​ ជាប​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ ។​

​មន្ត្រី​តុលាការ​ ថ្លែង​ថា​ បុរស​រូប​នេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​"​កាន់កាប់​ ឬ​ ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​ បទ​ ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​"​ តាម​មាត្រា​៤១០​និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​ ។​

​មន្ត្រី​តុលាការ​បន្ត​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ សេង​ រិ​ទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កំពុង​បន្ត​នីតិវិធី​ ។​ នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន​ ជន​ត្រូវ​ចោទ​ ។​

​ព័ត៌មាន​ដំបូង​ទទួល​បាន​ថា​ ជន​បង្ក​ឈ្មោះ​ អេ​ង​ កុសល​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​អង្គរក្ស​នៅ​បន្ទាយ​វី​រៈ​៤៩៩​ ។​ ប៉ុ​​ន្តែ​នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ ក្រោយ​ការ​សួរនាំ​ជន​នេះ​ ជា​ជន​ស៊ី​វិល​មិនមែន​ជា​អង្គរក្ស​ ហើយ​ក៏​គ្មាន​ក្រប​ខ័ណ្ឌ​កងទ័ព​ដែរ​។​

​គួរ​បញ្ជាក់​ថា​ មាន​ករណី​ផ្ទុះអាវុធ​ប្រមាណ​ជិត​១០​គ្រាប់​ នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​៩​យប់​ ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៧​ តាម​បណ្ដា​យ​ផ្លូវ​៥៩៨​ មុខ​ដី​ឧកញ៉ា​ លី​ ហួរ​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ប្ញ​ស្សី​កែវ​ បណ្ដាល​មក​ពី​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ដក្រុង​ និង​រថយន្ដ​ព្រូស​។​ បន្ទាប់​ពី​កើតហេតុ​ជន​បង្ក​ត្រូវ​បាន​កម្លាំង​ សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​បើ​តាម​ជន​ដែល​បាន​បាញ់ប្រហារ​ ទៅ​លើ​រថយន្ដក្រុង​នោះ​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ នៅ​ពេល​កើតហេតុ​រថយន្ដក្រុង​របស់​ក្រុមហ៊ុន​ បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​ បាន​បុក​រថយន្ដ​របស់​ខ្លួន​ហើយ​ មិន​ឈប់​នោះ​ទេ​ ទើប​ខ្លួន​ដេញ​តាម​ពីក្រោយ​ហើយ​ដក​កាំភ្លើង​បាញ់​តែ​ម្ដង​ ហើយ​បើ​គាត់​ឈប់​ដោះស្រាយ​មិន​អី​ទេ​ តែ​គាត់​ឈ្លើយ​ ពេក​បុក​ហើយ​បើក​រត់​ បើក​យ៉ាង​លឿន​ទៀត​ផង​ ចុះបើ​ទៅ​បុក​គេ​ផ្សេង​ច្បាស់​ជា​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ហើយ​។​

​មួយវិញទៀត​ បើ​តាម​ប្រភព​ព័ត៌មាន​ នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ដក្រុង​មួយ​ បាន​បើក​ទៅ​គៀរ​រថយន្ដ​ព្រូស​ ក្រោយមក​រថយន្ដក្រុង​នោះ​មិន​បាន​ឈប់​ដោះស្រាយ​ទេ​ គឺ​បន្ដដំណើរ​ទៅ​មុខ​ទៀត​ ទើប​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ដ​ព្រូស​ ទាញ​កាំភ្លើង​បាញ់ប្រហារ​ពីក្រោយ​តែ​ម្ដង​ ប៉ុន្ដែ​ក្នុង​ករណី​នេះ​ មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ​។​ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​ បាន​ដកហូត​អាវុធ​ខ្លី​ទំនើប​ របស់​ជន​ដែល​បាញ់​ផង​ដែរ​ ទុក​បណ្ដោះអាសន្ន​សិន​ផង​ដែរ​ ៕​

ចំនួនអ្នកទស្សនា

    20612227

  • ថ្ងៃនេះ8391
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54621
  • ខែនេះ169771
  • ឆ្នាំនេះ169771
  • សរុប20612227