បាត់ដំបង ៖ ក្មេងប្រុសម្នាក់ ដែលគ្រូពេទ្យបានបង្ហើបថា គេមានជំងឺមហារីកខួរក្បាលត្រូវបានម្តាយ និងជីដូន ទុកបណ្តោយទៅតាមយថាកម្មដោយគ្មានថ្នាំសង្កូវអ្វីបន្តិចសម្រាប់ព្យាបាលជំងឺរបស់គេឡើយ បន្ទាប់ពីក្រុមគ្រួសារនេះបានលក់អស់ដីស្រែនិងដីលំនៅដ្ឋាន ដែលជាកេរ្តិ៍អាករដើម្បីយកប្រាក់ព្យាបាលដល់អាការៈរោគរបស់កូនរហូតឈានដល់ការខ្ចីបុលពីអង្គការថែមទៀត ។
ជីវិតគ្រួសារមួយនេះ មិនខុសអីទៅនឹងរឿងបដាចារនោះឡើយ ដោយសារតែស្វាមីបានចុះចេញពីផ្ទះរយៈពេលជាង២ឆ្នាំមកហើយគឺគ្មានដំណឹងអ្វីបន្តិចទាល់តែសោះ រីឯកូនប្រុសក៏ធ្លាក់ខ្លួនឈឺជាទម្ងន់ដំណាលគ្នានឹងការចុះចេញរបស់ឪពុកគេដែរ ដែលតម្រូវអោយម្តាយចាំបាច់ត្រូវលក់អស់កេរ្តិ៍អាករទាំងប៉ុន្មាន សូម្បីតែដីលំនៅដ្ឋានក៏ត្រូវលក់ដែរដើម្បីយកថវិកាទាំងនេះមកព្យាបាលជំងឺរបស់កូនប្រុស។
នៅចំពោះមុខសារព័ត៌មាន ស្ត្រីដែលត្រូវជាម្តាយឈ្មោះ សី សោភ័ណ អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានលើកដៃប្រណមដោយបានរៀបរាប់ទាំងទឹកភ្នែកថា ខ្លួនមានកូនចំនួន៥នាក់ រីឯកូនប្រុសដែលឈឺនេះមានឈ្មោះ រឿប ដេវីត អាយុ១៦ឆ្នាំ ជាកូនទី៣ ដែលត្រូវបានបញ្ចប់ការសិក្សា ដោយសារមានជំងឺ ត្រឹមថ្នាក់ទី៧ នៃអនុវិទ្យាល័យ ព្រៃតូច ។
ស្ត្រីជាម្តាយបានបន្តថា ចាប់តាំងពីអំឡុងឆ្នាំ២០១៥មក កូនប្រុសម្នាក់នេះចាប់ផ្តើមធ្លាក់ខ្លួនឈឺជាទម្ងន់ ស្របពេលដែលគ្រួសារកំពុងជួបការលំបាក គឺស្វាមីរបស់នាងក៏បានចុះចេញពីផ្ទះថែមទៀត ដោយគ្មានដំណឹងអ្វីបន្តិចទាល់តែសោះ ដោយចាប់តាំងពីពេលនោះមក កេរ្តិ៍អាករទាំងប៉ុន្មានត្រូវលក់គ្មានសល់ សូម្បីតែដីស្រែ ឬក៏ដីលំនៅដ្ឋានក៏ត្រូវតែលក់ដែរ ដោយសុខចិត្តមកសុំដីម្តាយក្មេកជ្រកកោនជាបណ្តោះអាសន្ន ដើម្បីយកប្រាក់ទាំងនេះនាំកូនទៅព្យាបាលក្រែងបានជាសះស្បើយ ។
ភ្លាមៗនោះនាងបាននាំកូនប្រុសឡើងទៅកាន់មន្ទីរពេទ្យរុស្សី ដោយក្នុង១ខែត្រូវឡើងទៅពីរដង ដើម្បីអោយគ្រូពេទ្យពិនិត្យនឹងព្យាបាល ដោយគ្រូពេទ្យបាននិយាយថា កូនប្រុសរបស់នាងមានរោគ មហារីកក្នុងខួរក្បាល ដូច្នេះចាំបាច់ត្រូវចាក់ថ្នាំដើម្បីអោយវារួញផ្ទុយទៅវិញ អាការៈរោគរបស់កូនប្រុសកាន់តែធ្ងន់ឡើងៗ ទីបំផុតនាងក៏បានផ្អាកការធ្វើដំណើរទៅក្រុងភ្នំពេញ ។
នៅជំហានទីពីរនេះ នាងបាននាំកូនប្រុសទៅកាន់ខេត្តសៀមរាបម្តង ដើម្បីចូលទៅពិនិត្យនៅមន្ទីរពេទ្យ គន្ធបុប្ផា រហូតបានធ្វើការវះកាត់ចំនួន៣លើក ប៉ុន្តែនៅទីនោះក្រុមគ្រូពេទ្យបានអះអាងថា អាការៈរោគនេះបានរាលដាលពេញក្បាលទៅហើយ គឺមិនអាចមានសង្ឃឹមឡើយ ដោយគ្រាន់តែអាចប្រើថ្នាំបំបាត់នូវការឈឺចាប់តែប៉ុណ្ណោះ ។
ទោះបីជាដឹងថា កូនប្រុសរបស់ខ្លួនគ្មានសង្ឃឹមក្នុងការរស់នៅក៏ដោយ ក៏ក្នុងនាមទឹកចិត្តជាម្តាយនៅតែបន្តខិតខំស្វះស្វែងរកលុយបន្ថែមទៀតដើម្បីព្យាបាលកូន រហូតឈានដល់ការខ្ចីបុលពីអង្គការថែមទៀត ហើយរហូតមកទល់នឹងពេលនេះ គឺស្ត្រីជាម្តាយ រួមជាមួយនឹងជីដូន អស់លទ្ធភាពក្នុងការរកលុយមកព្យាបាលជំងឺឲ្យកូនប្រុសហើយ ដោយទុកកូនអោយដេកនៅខាងក្រោមផ្ទះ ងាយស្រួលក្នុងការផ្លាស់ប្តូរកម្រាលនៅពេលដែលកូនបន្ទោរបង់ម្តងៗហើយគ្មានថ្នាំសម្រាប់ព្យាបាលទៀតឡើយ មានតែបណ្តោយទៅតាមយថាកម្ម ។
នៅក្នុងខណៈនោះដែរ ទាំងម្តាយ ទាំងជីដូន បានលើកដៃប្រណម សំពះ ដោយបានទទូចសុំអោយសប្បុរសជនដែលមានចិត្តធម៌ មេត្តាជួយដល់ក្រុមគ្រួសារខ្លួនផងពិសេសគឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចតែងតែមានចិត្តមេត្តាធម៌ និងជានិច្ចកាល សម្តេចតែងតែមានការគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដូច្នេះសូមអោយសម្តេចជួយក្រែងកូនប្រុសរបស់ខ្លួនបានរស់រានមានជីវិតបន្តទៀត ព្រោះបច្ចុប្បន្នគ្មានអ្វីដែលនៅសេសសល់ទៀតទេ ៕