បាត់ដំបង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង រហូតធ្វើអោយភ្ញៀវទាំងអស់ដែលកំពុងសម្រាកនៅក្នុងសណ្ឋាគារ ត្រូវបង្ខំចិត្តវេចបង្វិចចុះចេញដើម្បីទៅរកកន្លែងស្នាក់នៅថ្មី ដោយសារតែទីតាំងដែលខ្លួនកំពុងស្នាក់នៅត្រូវឆ្លងចរន្តអគ្គីសនីរលត់ទាំងស្រុង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ត្រង់ចំណុចសណ្ឋាគារមួយកន្លែងយីហោ ហូលីដេ ស្ថិតក្នុងភូមិ ព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺស្ថិតនៅជាន់ទី៧ នៃទីតាំងសណ្ឋាគារនេះតែម្តង ។
តាមប្រភពក្រៅផ្លូវការមួយបាននិយាយថា នៅមុនពេលកើតហេតុ ខណៈដែលមេឃកំពុងមានភ្លៀងធ្លាក់ គឺមានការឆ្លងចរន្តនៅកន្លែងត្រង់ស្វ័ររបស់អង្គភាពអគ្គីសនីគឺស្ថិតនៅលើបង្គោលភ្លើងខាងមុខសណ្ឋាគារតែម្តង ដែលធ្វើអោយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួនត្រូវកាត់ផ្តាច់ទាំងស្រុង ដោយឡែកឌីសង់ទ័ររបស់សណ្ឋាគារមិនមានការកាត់ផ្តាច់ដោយស្វ័យប្រវត្តិនោះទេ ដែលបង្កអោយចរន្តភ្លើងបានបុកទៅដល់ក្នុងប្រអប់ភ្លើងរបស់សណ្ឋាគារ និងមានការឆេះជាបន្តបន្ទាប់ ចាប់ពីជាន់ទី១ រហូតឡើងទៅដល់ជាន់ទី៧ ទើបមានផ្សែងហុយទ្រលោម ដែលបង្កអោយមានការភ្ញាក់ផ្អើលដល់ភ្ញៀវដែលកំពុងសម្រាក ។
នៅក្នុងខណៈនោះដែររថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ក៏បានចេញអន្តរាគមន៍ទាន់ពេលវេលា ព្រមទាំងបានពិនិត្យឃើញថា ប្រអប់ភ្លើងរបស់សណ្ឋាគារគ្រប់ជាន់ត្រូវឆេះខូចខាតទាំងស្រុង ដែលមិនអាចដំណើរការបានឡើយព្រមទាំងបានតម្រូវអោយភ្ញៀវទាំងអស់ចាកចេញទៅរកកន្លែងស្នាក់នៅថ្មី ។
ជុំវិញបញ្ហានេះលោក សុខ ហួត ប្រធានអង្គភាព អគ្គីសនី ខេត្តបាត់ដំបង បានលើកឡើងថា ការដែលប្រភពមួយចំនួនបាននិយាយថា ត្រង់ស្វ័ររបស់អង្គភាពអគ្គីសនី ត្រូវបានឆេះនោះ មិនពិតទេព្រោះក្រោយពីមានការឆ្លងចរន្តឆេះប្រអប់ភ្លើងនៅក្នុងសណ្ឋាគាររួចមកលោកបានចាត់កម្លាំងជំនាញចុះទៅធ្វើការកាត់ខ្សែចរន្តដែលចូលទៅក្នុងសណ្ឋាគារ ជាបណ្តោះអាសន្ន រីឯមូលហេតុក៏លោកមិនដឹងដែរព្រោះការរៀបចំបណ្តាញភ្លើងនៅក្នុងសណ្ឋាគារ គឺគេរៀបបណ្តាញដោយខ្លួនឯងដូច្នេះមិនមានការពាក់ព័ន្ធនឹងអង្គភាពឡើយ ៕