ជាប់​ធ្វើ​អនុរក្ស​ប្រលង​ទាំង​ប្តី ទាំង​ប្រពន្ធ ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​គ្មាន​សល់​

22-August-2017 | ដោយ ពល បញ្ញា

បាត់ដំបង ៖ លំនៅដ្ឋាន​មួយ​ខ្នង​ដែល​សង់​អំពី​ឈើ ប្រក់​ស័ង្កសី រួមជាមួយ​នឹង​គ្រឿង​សង្ហា​រឹម​ជាច្រើន​ផង​នោះ ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​គ្មាន​សល់​នៅពេល​រំលង​អា​ធ្រា​ត្រ​ដែល​គួរអោយ​តក់ស្លុត​ក្រៃលែង ខណៈដែល​ម្ចាស់ផ្ទះ​ទាំង​ប្តី ទាំង​ប្រពន្ធ ជាប់រវល់​ចុះ​បំពេញបេសកកម្ម ធ្វើជា​អនុរក្ស​នៅឯ​ទី​រួម​ខេត្ត ក្នុង​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​រយៈពេល​២​ថ្ងៃ ( បាក់​ឌុប ) ។​

​រឿង​ដ៏​គួរអោយ​សោ​កស​ង្រែ​ង​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល​៤​ទៀបភ្លឺ ត្រង់ចំណុច​ភូមិ​ទួល​បា​ល្ល័​ង្គ ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង រហូត​មានការ​ភ្ញាក់ផ្អើល​ទាំង​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​ពេញ​ភូមិ​​ព្រមទាំង​មានការ​អាណិតអាសូរ​គ្រប់ៗ​គ្នា ដោយសារតែ​ការឆាបឆេះ​នេះ​គឺ​មិនមាន​ម្ចាស់​នៅ​ទី​នោះឡើយ​។​

​តាម​ការអះអាង​ពី​លោក ឆាង វ៉ាន់​ឆៃ អធិការនគរបាល ស្រុក​គាស់ក្រឡ បាន​បញ្ជាក់ថា​ផ្ទះមួយ​ខ្នង​ដែល​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់​នេះ​គឺ​សាងសង់ឡើង​អំពី​ឈើ ដំបូល​ស័ង្កសី និង​មាន​ទំហំ ៦​គុណ​៩ ម៉ែត្រ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជុំ សុភ​ក្តិ អាយុ ៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឌិន សារឿ​ត អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​គ្រូបង្រៀន​ដូចគ្នា បើទោះបីជា​មានការ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់អគ្គីភ័យ របស់​អធិការដ្ឋាន​ក៏ដោយ ក៏​មិនអាច​ទប់ស្កាត់​បានឡើយ ។​

លោក​អធិការ​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​មួយថ្ងៃ គឺ​ទាំងពីរ​នាក់​ប្តី ប្រពន្ធ បាន​ចាក​ចេញពីផ្ទះ​ទៅ​ទី​រួម​ខេត្តបាត់ដំបង ដើម្បី​ធ្វើ​អនុរក្ស ក្នុងការ​ប្រលង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ រយៈពេល​២​ថ្ងៃ ស្រាប់​តែមាន​រឿងហេតុ​កើតឡើង​តែម្តង ដោយ​ការសន្និដ្ឋាន​ជំហាន​ដំបូង​គឺ អាច បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គីសនី ។​

​នៅពេលនេះ​ផងដែរ ម្ចាស់ផ្ទះ​បាន​និយាយថា ការខូចខាត​ទាំង​ផ្ទះ និង​របស់របរ គ្រឿង​សង្ហា​រឹម​ផ្សេងៗ នៅ ក្នុងផ្ទះ​ដែល​ត្រូវ​ឆាបឆេះ​ទាំងស្រុង​នោះ បើ​គិត​ជា​ទឹកប្រាក់​អស់​ប្រហែល​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក ៕

 

ចំនួនអ្នកទស្សនា

    21161977

  • ថ្ងៃនេះ6761
  • ម្សិលមិញ7471
  • សប្តាហ៍នេះ6761
  • ខែនេះ117341
  • ឆ្នាំនេះ719521
  • សរុប21161977