រតនគិរី ៖ ឈើធ្នុង៥សន្លឹក និងឈើក្រាក់ក្រញូងមួយចំនួន ត្រូវកម្លាំងសមត្ថកិច្ចចម្រុះក្រុងបានលុង ចុះឆែកឆេររឹបអូសយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលឈើ នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ជំនាញរដ្ឋបាលព្រៃឈើសង្កាត់ក្រុងបានលុង សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចចម្រុះក្រុងបានលុង ចុះឆែកឆេរផ្ទះមួយកន្លែង ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានស្លាកយីហោ (សមាគមន៍សហព័ន្ធខ្មែរ វៀតណាម) ក្រោមបញ្ជាលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ ។
យោងតាមការឲ្យដឹងពីសមត្ថកិច្ចថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ យ៉ត ហៀង ភេទស្រី ហើយឈើដែលរឹបអូសបាននោះមានពីរប្រភេទ ឈើធ្នុង និងឈើក្រញូង។ ឈើធ្នុងសន្លឹកមានមុខកាត់ចាប់ពី ៦០សង់ទីម៉ែត្រឡើងទៅដល់១២០សង់ទីម៉ែត្រ មានប្រវែងចាប់ពី២ម៉ែត្រឡើងទៅ ៣ម៉ែត្រ មាន៥សន្លឹក ស្មើនឹង ១.៦៨២ ម៉ែត្រគូប ចំណែកក្រាក់ក្រញូងមានចំនួន៥៤ដុំ ស្មើ២០០គីឡូក្រាម ព្រមទាំងធ្នង់មូលចំនួន៦ដុំ សរុបទាំងអស់ស្មើ ២.០៨៨ ម្រ៉ែគូប។
បច្ចុប្បន្ន ឈើទាំងនោះ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើ ដឹកជញ្ជូនយកទៅរក្សាទុកនៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់វិធានការបន្ត៕