សៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ចុះប្រតិបត្តិការតាមគោលដៅនៅវេលាម៉ោង៤និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក៏បានប្រទះឃើញមនុស្សប្រុសស្រីចំនួន៥នាក់ មានការសង្ស័យក៏ធ្វើការហៅសួរនាំខណៈពេលនោះក្រុមនោះក៏បាននាំគ្នារត់ទើបកម្លាំងរបស់យើងធ្វើការដេញប្រមាញ់រហូតឈានដល់ធ្វើឃាត់ខ្លួនបានភ្លាមៗរួចយកមកសួរនាំនៅការិយាល័យជំនាញតែម្តង។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងនគរបាលខេត្ត ទទួលផែនបទល្មើសព្រហ្មទណ្ឌ បានប្រាប់ថា បន្ទាប់ពីកម្លាំងរបស់យើងបានធ្វើការឃាត់ខ្លួននិងសួរនាំរួចមកជនសង្ស័យប្រុសស្រីទាំង៥នាក់បានសារភាពថាពួកគេបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ភ្ញៀវបរទេសម៉ាកហ៊ូវៃ(Huawei) ពណ៌មាស ចំនួនមួយគ្រឿងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សាររាត្រី(ផប់ស្ទ្រីត)ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ពិតប្រាកដមែនរួចបម្រុងយកទៅលក់យកលុយចែកគ្នាប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
លោកបានបញ្ជាក់បន្ថែមថា ជនសង្ស័យ ប្រុស ស្រី ទាំង៥នាក់មាន៖ ទី១-ឈ្មោះ ហ៊ុន យឿង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប, ទី២-ឈ្មោះ វៀតសុភាព ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប, ទី៣-ឈ្មោះ ទូច ជីងចក់ ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិ វិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប, ទី៤-ឈ្មោះ រ៉េត ញ៉ាញ់ ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប,និង ទី៥-ឈ្មោះ សេក សុវណ្ណគង្គា ហៅណយ ភេទប្រុសអាយុ១៨ឆ្នាំ ទីលំនីបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។
ក្រោយពីកម្លាំងជំនាញបានឃាត់ខ្លួន ព្រមទាំង បាន ដកហូតវត្ថុ តាងរួមមាន៖ទូរស័ព្ទដៃម៉ាកហ៊ូវៃ(Huawei) ពណ៌មាសចំនួនមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំងអ្នករួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការតាមនិតិវិធីច្បាប់នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ៕