កណ្តាល ៖ ជនសង្ស័យ ៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយតាកែវ ឃាត់ខ្លួនពាក់ព័ន្ធការប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១០និង៤០នាទី នៅចំណុច ប្រឡាយ២១ ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ ស៊ីម ឃាង អធិការស្រុកកោះធំ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ចាន់ ភ័ក្ត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលស្វាយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន), ទី២-ឈ្មោះ នៅ វ៉ាន់ណេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន), ទី៣-ឈ្មោះ សារ៉ន មករា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន), និងទី៤-ឈ្មោះ អ៊ួង វឿន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមានៈ ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន ១៣កញ្ចប់តូច, សម្ភារៈកែច្នៃ សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន, ប្រាក់រៀលចំនួន ៣,២០០រៀល, ទូរស័ព្ទចល័ត ចំនួន ០៤គ្រឿង, ប្រអប់ជ័រពណ៌ខៀវ សម្រាប់ដាក់ថ្នាំញៀន ចំនួន ០១។
លោកអធិការបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយតាកែវ បានចល័តល្បាតនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង។ ពេលនោះក៏បានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាសង្ស័យលក់គ្រឿងញៀនយ៉ាងសកម្ម កំពុងធ្វើសកម្មភាពលក់ និងជក់គ្រឿងញៀននៅចំណុចផ្ទះទុកចោលមួយកន្លែងត្រង់ប្រឡាយ២១ ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍ជ្រោយតាកែវ បានសហការជាមួយនគរបាលជំនាញស្រុកកោះធំ ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើក រួចត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន ១៣កញ្ចប់តូចនៅក្នុងប្រអប់ជ័រដែល ឈ្មោះ ចាន់ ភ័ក្ត្រ បានទំលាក់ចោល ពេលខ្លួនជួបនគរបាល រួមជាមួយសម្ភារៈកែច្នៃសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ ភ្លាមៗនោះ កម្លាំងនគរបាល បានស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនជនសង្ស័យជាបក្ខពួក ម្នាក់ទៀតឈ្មោះ សារ៉ន មករា ភេទប្រុស អាយុ ២០ឆ្នាំ នៅក្បែរកន្លែងកើតហេតុ។ រួចក៏បាននាំខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕