កណ្ដាល ៖ ជនសង្ស័យ ២នាក់ត្រូវបាននគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង ២នាក់នេះបានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ករណីចាប់ខ្លួនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចនៅលើទូកដរចុងកោះអន្លង់ចិន ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ។
មន្ដ្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ អ៊ី វិចិត្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរឡាន មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ អយ សុខគឿន ហៅអូនទូច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២៧កញ្ចប់តូច ,ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កណ្ដាល 1T-5575និងទូរស័ព្ទដៃ២គ្រឿងផងដែរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសស្ដ្រឃុំសិត្បូ ស្រុកស្អាង កន្លងសមត្ថកិច្ចបានតាមដានជនសង្ស័យជាយូរមកហើយតែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនបានឡើង លុះមកដល់វេលាថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៧ វេលាម៉ោង១៨និង៥០នាទី សមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការថា មានមុខកំពុងជួញដូរថ្នាំញៀន ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលសិត្បូបានចុះមកធ្វើការឆែកឆេរបានរកឃើញថ្នាំញៀនចំនួន២៧កញ្ចប់ ឈានដល់ចាប់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕