កណ្ដាល ៖ មនុស្ស ២នាក់ទទួលរងរបួសធ្ងន់ ខណៈជិះម៉ូតូបុកគ្នាពេញមួយទំហឹងកាលពីវេលាម៉ោង១៤និង១០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុង ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។មន្ដ្រីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្ដាល 1I-7894 បើកបរដោយឈ្មោះ ស៊ាន ភី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបុគ្គលិកសិក្សាអប់រំស្រុកកោះធំ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល (រងរបួសធ្ងន់) ។
ចំណែកជនរងគ្រោះម្ខាងទៀតឈ្មោះ ធី ចាន់ ថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-0845 (រងរបួសធ្ងន់) ។
ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម បើកបរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បួងទៅជើង(ជ្រៃធំឆ្ពោះទៅក្រុងតាខ្មៅ) លុះមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបង្កបានបន្ថែមល្បឿនរួចគេចពីរថយន្ដដែលចតក្បែរចិញ្ចើមផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំង២គ្រឿងទទួលរងរបួសធ្ងន់តែម្ដង ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕