កណ្ដាល ៖ ជនសង្ស័យ ២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យទាំង២នាក់ខាងលើនេះបានរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ដើម្បីចែកចាយបន្ដ ។ ករណីចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ដ្រីនគរបាលស្រុកពញាឮបានឲ្យដឹថា ជនសង្ស័យចាប់ខ្លួនបាន២នាក់ ទី១-ឈ្មោះ ឡាយ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល និងទី២-ឈ្មោះ ហេង ភារ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
វត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនចំនួន២កញ្ចប់តូច ,ម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ គ្មានស្លាកលេខ ,ទូរស័ព្ទដៃ១គ្រឿងនិងឧបករណ៍សម្រាប់វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចបានធ្វើការចុះល្បាតក្នុងភូមិសាស្ដ្រដែលខ្លួនគ្រប់គ្រងនិងជាកន្លែងដែលងាយរងគ្រោះផងនោះ ខណៈមកដល់ចំណុចកើតហេតុបានជួបជនសង្ស័យ២នាក់ខាងលើកំពុងជិះម៉ូតូ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឲ្យឈប់ រួចសុំធ្វើការឆែកឆេររហូតរកឃើញថ្នាំញៀនចំនួន២កញ្ចប់នៅនឹងខ្លួនជនសង្ស័យ ឈានដល់ចាប់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕