បាត់ដំបង ៖ ករណីហឹង្សាដោយចេតនា ព្រមទាំងមានប្រើប្រាស់អាវុធផងនោះ បានបង្កឡើងចំនួនពីរលើកផ្ទួនៗគ្នា ដែលបណ្តាលអោយមានមនុស្សចំនួន៣នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ស្ទើរស្លាប់ ស្ទើររស់ ដោយសារតែរឿងទី១ កើតឡើងដោយសារគំនុំនិងរឿងទី២ គឺកើតឡើងដោយសារសុំលុយទិញស្រាផឹកមិនបាន ។
ហឹង្សាលើកទី១ បានកើតឡើង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៤និង៣០នាទី ល្ងាច នៅត្រង់ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងដោយជនសង្ស័យមានបក្ខពួកសរុបចំនួន៤នាក់គឺ ទី១-ឈ្មោះ ស៊ុក លីឆាយ ភេទប្រុស
អាយុ២០ឆ្នាំ, ទី២-ឈ្មោះ សត់ សាកន ភេទប្រុស អាយុ២១ឆ្នាំ, ទី៣. ឈ្មោះ វុន ប៊ុនរ៉ុង ភេទប្រុស .អាយុ២១ឆ្នាំ និង៤-ឈ្មោះ ប៉ម សុធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅ ភូមិបេង .ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
បើតាមការអះអាងពីប្រភពដែលនៅក្បែទីតាំងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គឺមានក្រុមក្មេងទំនើងចំនួន៤នាក់ បានប្រើប្រាស់កាំបិតកាប់ជនរងគ្រោះ ឈ្មោះ ភើន សុផាក ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែបណ្ដាលអោយរងរបួសជាទម្ងន់ និងកាប់ទៅលើម៉ូតូជនរងគ្រោះ បណ្តាលអោយខូចខាតអស់ ដោយមូលហេតុសង្ស័យជារឿងគំនុំ ហើយភ្លាមៗនោះដែរ ជនសង្ស័យទាំងអស់បានរត់គេចខ្លួន បាត់ស្រមោលតែម្តង ។
លុះនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៣ និង ៣០ នាទីរសៀល នៅចំណុច ភូមិកកូរ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏មានករណីហឹង្សាដោយចេតនា មួយទៀតបានកើតឡើង ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ កាយ ចន្ថា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ ។
បើតាមការអោយដឹងពីក្រុមគ្រួសារជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុគឺជនសង្ស័យខាងលើ បានទៅសុំប្រាក់ម្តាយមីងដើម្បីទិញស្រាផឹក ប៉ុន្តែដោយសារសុំមិនបាន ថែមទាំងមានការស្តីអោយផងនោះ ទើបទំនាស់បានកើតឡើង ដោយ
ជនសង្ស័យ បានប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះចំនួន ២នាក់ ទី១-ឈ្មោះ ជិន សុភា ភេទស្រី អាយុ៣៣ឆ្នាំ (ម្ដាយមីង), ទី២-ឈ្មោះ ទឹម ង៉ា ភេទស្រី អាយុ១៥ឆ្នាំ បណ្ដាលអោយរងរបួសយ៉ាងធ្ងន់ធ្ងរ គឺត្រូវចំក្បាលផង និងត្រង់ថ្ពាល់ផង បន្ទាប់ពីបានបង្កហឹង្សានេះរួចមកជនសង្ស័យបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
ជុំវិញករណីហឹង្សាដោយចេតនាទាំងពីរករណីខាងលើនេះ លោកស្នងការរង ជេត វណ្ណនីកំពុងដាក់កម្លាំងស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីសុំដីកាស្វែងរកចាប់ខ្លួនជនសង្ស័យទាំងអស់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕