បាត់ដំបង ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមជាមួយនឹងស្វាមីដែលកំពុងស្ថិតក្នុងដង្ហើមចង្រិត បន្ទាប់ពីមានភ្លើងប្រចណ្ឌមួយបានកើតឡើង រវាងប្តី ប្រពន្ធ ទាំងពីរនាក់នេះជាញឹកញាប់រួចមកព្រមទាំងធ្លាប់មានអំពើហិង្សាបានកើតឡើងជារឿយៗផងដែរ ។
ហេតុការនៃអំពើឃាតកម្មដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង( ប្តីអារកប្រពន្ធសម្លាប់ ) ។
លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានឲ្យដឹងថារឿងនេះអាចបង្កឡើងដោយបុរសដែលជាស្វាមីឈ្មោះ ស្រ៊ុន គឹមជូ អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ដោយមានមុខរបរជាអ្នកកាប់ជ្រូក រីឯស្ត្រីរងគ្រោះមាន ឈ្មោះ ឌុង សាវ័ន អាយុ២៧ឆ្នាំ។
លោកអធិការបន្តថា នៅមុនពេលកើតហេតុគឺគេបានឮសម្លេងឈ្លោះគ្នារវាងពីរនាក់ប្តី ប្រពន្ធ នេះយ៉ាងយូរលុះនៅពេលរំលងអាធ្រាត្រក៏ស្រាប់តែមានករណីឃាតកម្មនេះបានកើតឡើងតែម្តងគឺអាចបុរសជាប្តីនេះបានប្រើប្រាស់កាំបិតប៉័ងតោ កាប់ទៅលើប្រពន្ធដោយកំហឹងនៃភ្លើងប្រចណ្ឌបន្ទាប់មកជនសង្ស័យរូបនេះបានអារក ខ្លួនឯងទាំងខាងមុខ និងខាងក្រោយនៃបំពង់ក បណ្តាលអោយរងរបួសជាទម្ងន់ដែលកំពុងស្ថិតក្នុងដង្ហើមចង្រិត ព្រមទាំងបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យយោធភូមិភាគ៥ ( ពេទ្យព២ ) ។
លោកអធិការ ប៉ាង ហៀង បានសង្កត់ធ្ងន់ថា បុរសជាប្តី ដែលជនសង្ស័យធ្លាប់មានប្រពន្ធម្នាក់រួចមកហើយ ព្រមទាំងបានលែងលះគ្នាដោយសារតែទំនាស់ញឹកញាប់ខ្លាំងពេកលុះបានប្រពន្ធក្រោយនេះគឺមានកូនចំនួនពីរនាក់ ហើយក៏មានការទាស់ទែងគ្នាជាញឹកញាប់ផងដែរ ដោយសារតែភ្លើងប្រចណ្ឌផង និងការប្រើប្រាស់គ្រឿងញៀនពីសំណាក់បុរសជាប្តីផង ទើបឈានដល់ករណីឃាតកម្មនេះឡើង។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានក្រុមគ្រូពេទ្យធ្វើការសង្គ្រោះ ដើម្បីរៀបចំឯកសារបញ្ជូនទៅកាន់អង្គភាពជំនាញ រីឯសពស្ត្រីជាភរិយា ក៏ត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារ សាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ ៕