បាត់ដំបង ៖ បទល្មើសនេសាទដែលតែងតែកើតមានឡើងឥតឈប់ឈរ នៅតាមព្រៃនិងមាត់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកមួយចំនួនដែលមានទីតាំងជាប់នឹងព្រៃរនាមត្រូវបានកម្លាំងចម្រុះធ្វើការបង្ក្រាប និងដុតបំផ្លាញចោល ដែលលទ្ធផលគួរអោយកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
យោងតាមរបាយការរបស់កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែបានឲ្យដឹងថាចាប់តាំងពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ កម្លាំងចម្រុះដែលមានអាជ្ញាធរស្រុក កម្លាំងនគរបាលស្រុក ដែលដឹកនាំដោយលោកអធិការរង ជា វណ្ឌី
កម្លាំងសហគមន៍ បានចុះទៅកាន់តំបន់មួយចំនួនដែលស្ថិតនៅជាប់នឹងព្រៃរនាម នាមាត់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកសង្កែ ។
របាយការបានបញ្ជាក់អំពីទីតាំង និងចំណុចមួយចំនួនដែលកម្លាំងបានធ្វើការបង្ក្រាបព្រមទាំងបានដកហូតនូវវត្ថុតាងបទល្មើសដើម្បីបំផ្លាញចោលផងដែរ ក៏ប៉ុន្តែនៅក្នុងកិច្ចប្រតិបត្តិការនេះគេមិនបានប្រទះឃើញម្ចាស់វត្ថុតាងទាំងនោះឡើយ ទោះបីជាយ៉ាងណាក៏គេអាចដឹងដែរថា ម្ចាស់វត្ថុតាងដែលប្រព្រឹត្តបទល្មើសនោះជានរណារួចទៅហើយ ដោយបញ្ហានេះសមត្ថកិច្ចនិងចាត់វិធានការតាមផ្លូវច្បាប់ជាក្រោយ ។
ទីតាំងដែលបានបង្ក្រាបរួមមាន ៖ ចំណុចខាងកើតតាប៉ុនក្រៅ ស្បៃមងប្រវែង ៧០០ម៉ែត្របង្គោលចំនួន៤០០ដើម និងឡុកចំនួន៤ចំណុចវាលត្រសក់ ស្បៃមងប្រវែង៥០០ម៉ែត្រ បង្គោលចំនួន១៥០ដើម និងឡុកចំនួន២ ខាងត្បូងចំណុចកំប៉ាង ស្បៃមង ប្រវែង៥០០ ម៉ែត្រ បង្គោលចំនួន១៥០ដើម ឡុកចំនួន២ និងលែងកូនត្រី ២៥០ គីឡូក្រាមចំណុចអាផ្ទោល ស្បៃមងប្រវែង ៥០០ ម៉ែត្របង្គោលចំនួន ១៥០ដើម និងឡុកចំនួន២ ខាងជើងចំណុចអាផ្ទោលស្បៃមងប្រវែង៥៥០ម៉ែត្រ បង្គោលចំនួន២១០ដើមនិងឡុកចំនួន២ខាងកើតចំណុចរាំងត្នោត ស្បៃមងប្រវែង៧០០ ម៉ែត្របង្គោលចំនួន២១០ដើម ឡុកចំនួន២ និងលែងត្រីចម្រុះ២៥០ គីឡូក្រាម ចំណុចបឹងអាផ្គុំ ស្បៃមងប្រវែង៦០០ម៉ែត្រ បង្គោលចំនួន១៧០ដើម និងឡុកចំនួន២ ខាងជើងចំណុចបឹងអាផ្គុំស្បៃមងប្រវែង ៣៥០ម៉ែត្រ បង្គោលចំនួន៧០ដើម ឡុកចំនួន២ និងលែងកូនត្រីចម្រុះ១៥០គីឡូក្រាម ចំណុចក្រាញ់ស ស្បៃមងប្រវែង៤០០ ម៉ែត្របង្គោលចំនួន៥០ដើមឡុកចំនួន២ និងលែងកូនត្រីចម្រុះ៥០ គីឡូក្រាម។
ទោះបីជាមុខសញ្ញាទាំងអស់ត្រូវបានគេចខ្លួនក៏ដោយ ក៏សមត្ថកិច្ច និងអាជ្ញាធរ ត្រៀមឯកសារដើម្បីរាយការទៅស្ថាបនជំនាញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកការបង្ក្រាបនៅតែធ្វើបន្តអោយដូចភ្លៀងរលឹម ដែលបញ្ហានេះគួរណាស់តែអង្គភាពខណ្ឌរដ្ឋបាលជលផល បើកភ្នែកសម្លឹងមើលបទល្មើសទាំងនេះផង ព្រោះបើតាមសេចក្តីរាយការមួយចំនួនបាននិយាយថា អស់លោកខាងអង្គភាពជំនាញ ទាំងមេក៏ដូចជាកូនចៅ រវល់ក្នុងការដើរប្រមូលផលតាមទីតាំងបទល្មើសពេក ទើបមិនអាចបង្ក្រាបបទល្មើសទាំងនេះបាន ៕