ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើហិង្សាយកដែកចុងស្រួចភ្ជុងក នឹងវាយក្បាលជនរងគ្រោះយកម៉ូតូ) នៅវេលាម៉ោង៣និង៣០នាទីអាធ្រាត្រ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។
លោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការខណ្ឌឫស្សីកែវបានឲ្យដឹងថាជនរងគ្រោះក្នុងករណីវាយប្លន់ខាងលើឈ្មោះ វង្ស សុភី ហៅហ្វុង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុមទី៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មុខរបររត់ម៉ូតូឌុប ត្រង់ចំណុចផ្លូវបេតុង ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ។
លោកអធិការបន្តថា មុនពេលកើតហេតុជនសង្ស័យចំនួន ២នាក់ បានអោយជនរងគ្រោះឌុប ពួកខ្លួនយកម៉ូទ័រទៅលក់នៅម្ដុំប្រឡាយភ្លោះ សង្កាត់ស្វាយប៉ាក ក្នុងតម្លៃឈ្នួល ១ម៉ឺនរៀល លុះត្រឡប់មកវិញដល់ចំណុចកើតហេតុខាងលើត្រូវបានជនសង្ស័យធ្វើសកម្មភាពយកដែកចុងស្រួចភ្ជុងក ហើយធ្វើការ គម្រាមព្រមទាំងវាយក្បាលជនរងគ្រោះ ហើយក៏យកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។ ក្រោយពីសភាពហេតុកើតឡើង ជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក ភ្លាមៗនោះ ប៉ុស្តិ៍ក៏បានបញ្ជូនព័ត៌មានទៅកម្លាំងល្បាតរបស់ខណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ផ្សេងៗ ដែលមានភារកិច្ចល្បាតដើម្បីអន្តរាគមន៍ នឹងបែងចែកកម្លាំងចុះពិនិត្យតាមបណ្តាភូមិសាស្ត្រផ្លូវតូចធំ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការស្រាវជ្រាវ នឹងតាមរកនោះ រយៈពេល៣០នាទី ក្រោយមកសមត្ថកិច្ច ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ុយ បូរិន្ទ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំផ្ទះលេខ២០៦D ផ្លូវបេតុង ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ ហើយបានបន្តនៅក្នុងវិធានការជំនាញយកចម្លើយភ្លាមៗ ស្រាវជ្រាវរកឃើញ នឹងធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលជាបក្សពួកប្រព្រឹត្តបទល្មើស នៅវេលាម៉ោង៦និង៣០នាទីព្រឹក ឈ្មោះ ស៊ឹម រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅផ្ទះគ្មានលេខ ក្រុម១ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ។
ដកហូតវត្ថុតាងរួមមាន៖ម៉ូតូ មួយគ្រឿងរបស់ជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AE-7045, ដែកចុងស្រួចមួយដើម។
បច្ចុប្បន្នកម្លាំងជំនាញខណ្ឌប៉ុសិ៍្តកំពុងសាកសួរយកចម្លើយពាក់ព័ន្ធការប្រព្រឹត្តបទល្មើសកន្លងមកក្នុងខណ្ឌនឹងតាមបណ្តាខណ្ឌផ្សេងៗ ព្រមទាំង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍នីតិវិធី ៕