កណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលធ្វើការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានយកកាំបិតខ្វែវដេញកាប់តែពុំបណ្ដាលឲ្យរងរបួសនោះទេ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៤និង០៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថាជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ម៉ើ ថេត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ អន សុផាត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កសិករ មានទីលំនៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងដកហូតបានមានកាំបិតខ្វែវចំនួន១។
ប្រភពដដែលបន្តថា ជនរងគ្រោះគឺជាអ្នកមើលការខុសត្រូវចំពោះជាងធ្វើសំណង់(កសាងព្រះវិហារវត្តព្រៃលាក់ម្ចាស់) លុះមកដល់វេលាម៉ោងប្រមាណ១៤រសៀល ជនរងគ្រោះបានដើរទៅផឹកទឹកនៅកន្លែងទុកសម្ភារៈសំណង់ ភ្លាមនោះស្រាប់តែជនសង្ស័យបានទាញកាំបិតខ្វែវដេញកាប់ជនរងគ្រោះដោយគ្មានមូលហេតុក្នុងស្ថានភាពដែលជនសង្ស័យស្រវឹងស្រាជោគជាំ ឃើញដូច្នោះជនរងគ្រោះមានការភ័យខ្លាចក៏រត់ចូលលាក់ខ្លួនក្នុងកុដិព្រះសង្ឃរួចបានទូរស័ព្ទទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ ។ ករណីខាងលើនេះគឺពុំបណ្ដាលឲ្យជនរងគ្រោះរងរបួសអ្វីឡើយ ។
បច្ចប្បន្នជនសង្ស័យត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕