ភ្នំពេញ ៖ ព្រូឡានម្នាក់បានកៀបជាប់នៅក្នុងកាប៊ីនឡានបណ្តាលឲ្យស្លាប់ និង ព្រូឡានម្នាក់ទៀតបានរួចផុតពីសេចក្តីស្លាប់របួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យភា្លម នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាល ពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេ បានឮសម្លេងឡានរងគ្រោះនោះបើកយ៉ាងលឿបបំផុត ហើយក៏ឮលាន់ប្រាវ នៅពេលនោះគេបានឃើញបុរសម្នាក់របួសវៀចេញពីក្នុងឡាននោះ តែឃើញតែឡានរងគ្រោះដឹកមាន់នោះទេ មិនឃើញឡានមួយទៀតឡើយ។ ហេតុដូច្នេះមិនដឹងថា ឡានដឹកមាន់នោះបុកនឹងឡានអ្វី។ដោយឡែកប្រភពពីស្ត្រីម្នាក់បានឲ្យដឹងថា តៃកុងឡានដឹកមាន់នោះគាត់បានដេញតាមឡានបង្កហេតុហើយគឺឡានលាយស៊ីម៉ង់ត៍។
សមត្ថកិច្ចបានឲ្យដឹងដែរថា រថយន្តរងគ្រោះជារថយន្តដឹកមាន់ពាក់ស្លាកលេខភ្នំពេញ 2T-7752 ។ ចំណែកជនរងគ្រោះស្លាប់នៅក្នុងកាប៊ីនឡាននោះមានឈ្មោះ ទៀប នី ភេទប្រុស អាយុ១៧ឆ្នាំ ភូមិសំរោងតូច សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។សមត្ថកិច្ចបន្តថា រថយន្តដឹកមាន់នេះអាចបុករថយន្ត១គ្រឿងទៀតពីក្រោយ ហើយរថយន្តនោះក៏រត់បាត់ទៅក៏មិនដឹងថាជារថយន្តម៉ាកអ្វីផងដែរគ្មានអ្នកណាម្នាក់អះអាងនោះទេ។
សមត្ថកិច្ចបន្តទៀតថា ក្រោយកើតហេតុរថយន្តរងគ្រោះនេះបានប្រគល់ឲ្យទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕