ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលពាក់ព័ន្ធការនាំស្ត្រីខ្មែរចំនួន២៤នាក់ យកទៅលក់ធ្វើជា ស្ត្រីបម្រើការមេផ្ទះនៅម៉ាឡេស៊ី ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលជាមេខ្យល់ ឈ្មោះ អ៊ុំ រ៉ាឌីន (ហៅ មាំ, ហៅ ម៉ាដាម, ហៅ ជោលី) ភេទស្រី អាយុ ២៦ឆ្នាំ ទីលំនៅផ្ទះលេខ ៣៩៦ឃ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ជនល្មើសខាងលើនេះ បានធ្វើសកម្មភាពឃោសនា បោកបញ្ឆោត ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម១៦នាក់, កំពង់ធំ ៦នាក់ និងខេត្តកំពង់ឆ្នាំងចំនួន ២នាក់ ឲ្យទៅធ្វើជាស្ត្រីជំនួយការមេផ្ទះ នៅប្រទេសម៉ាឡេស៊ី និងទទួលបានប្រាក់ឈ្នួលខ្ពស់ចាប់ពី ៣០០ទៅ៤០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ដោយឡែកចំពោះសាហ៊ុយគ្រប់យ៉ាង ជនល្មើសជាអ្នកចំណាយទាំងអស់។
ជនរងគ្រោះទាំងអស់បានចាញ់បោកឃោសនា ហើយយល់ព្រមទៅតាមជនល្មើសរៀបចំបែបបទ ធ្វើលិខិតឆ្លងដែន និងបាននាំទៅ ប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ២០១៤មក ដោយបញ្ជូនជនរងគ្រោះតាមច្រកទ្វារអន្តរជាតិភ្នំពេញ និងប៉ោយប៉ែត ឆ្លងកាត់តាម ប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ី។
ប្រភពដដែល បានបន្តថា នៅពេលដែលទៅប្រទេសម៉ាឡេស៊ី ជនល្មើស បានប្រគល់ពលការិនីទៅឲ្យឈ្មោះ ហូ ជនជាតិម៉ាឡេស៊ី ដោយទទួលបានប្រាក់ក្នុងម្នាក់ៗចំនួន៦,០០០រីងហ្គីត ប្រហែល ១,៥០០ដុល្លារ ពីឈ្មោះ ហូ ហើយឈ្មោះ ហូ បានបញ្ជូន ជនរងគ្រោះឲ្យទៅធ្វើជាស្ត្រីជំនួយការមេផ្ទះ ដោយធ្វើការ១៨ម៉ោង ក្នុងមួយថ្ងៃ និងគ្មានថ្ងៃសម្រាក។
ពលការិនីទាំងនោះ ត្រូវបាន សមត្ថកិច្ចកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្គ្រោះ និងបញ្ជូនត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់។
សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន និងលោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបចាប់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ អ៊ុំ រ៉ាឌីន ភេទស្រី អាយុ ២៦ឆ្នាំ ដែលបាននាំស្ត្រីខ្មែរចំនួន ២៤នាក់ យកទៅលក់នៅ ប្រទេសម៉ាឡេស៊ី ៕