កណ្ដាល ៖ នគរបាលស្រុកខ្សាច់កណ្ដាលចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(កន្ទុយលេខ)និងឃាត់ខ្លួនបុរសម្នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង១៣និង០៥នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរ នគរបាលបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ កង់១គ្រឿង, ប្រាក់រៀល៦២៧០០រៀល , ប៊ិចចំនួន៧ដើម , សៀវភៅ ១ក្បាល, ក្រដាស់កាត់ជំរាកតូចៗ សម្រាប់កត់លេខឆ្នោត ១៩សន្លឹក, ក្រដាស់មិនទាន់សរសេរ ៩សន្លឹក, ក្រដាស់ផ្តាន ៥សន្លឹក, សឺម៉ីចំនូន១, កាបូបស្ពាយពណ៌ឈាមជ្រូកចំនួន១ និងក្រដាស់កត់លេខឆ្នោតហើយចំនួន ៧សន្លឹក។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា បុរសដែលឃាត់ខ្លួនបានមានឈ្មោះ មួន វ៉ន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។
ប្រភពដដែលបន្តថា ដើម្បីរក្សាបាននូវភូមិ/ឃុំមានសុវត្ថិភាពនិងគ្មានល្បែងស៊ីសងគ្រប់ប្រភេទផងនោះ នៅវេលាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលបានធ្វើប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់(កត់កន្ទុយលេខ)ក្នុងភូមិសាស្ដ្រដែលខ្លួនគ្រប់គ្រង រហូតឈានដល់ឃាត់ខ្លួនបានបុរសម្នាក់រួមទាំងដកហូតវត្ថុតាងមួយចំនួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕