នគរបាល​ជំនាញ​និង​មន្ត្រី​ស៊ីម៉ាក​អះអាងថា​ការផ្ទុះ​រថយន្ត​ដឹក​ផ្ទុក​រំសេវ​ផាវ​គ្រាប់បែក​នោះ​មិន​ជាប់​ព័ន្ធ​និង​អំពើ​ភេរវកម្ម​នោះឡើយ​គឺជា​ការដឹក​ផ្ទុ​រំសេវ​ផាវ​ខុស​បច្ចេកទេស​បណ្តាល​ឲ្យ​ផ្ទុះ​មនុស្ស​៣​នាក់​ស្លាប់​និង​រង​បួស​ធ្ងន់​២​នាក់​

02-September-2017 | ដោយ ពល បញ្ញា

បន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​ជំនាញ​ស៊ីម៉ាក​ដែលមាន​ការដឹកនាំ​កម្លាំង​ស៊ើបអង្កេត​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ រួម​និង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត លោក តេង សា​ម៉ៃ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​៣​ទៅ​៤​ម៉ោង​ទៅលើ​ករណី​ផ្ទុះ​រថយន្ត​១​គ្រឿង​ម៉ាក​IZUZU គ្មាន​មូលហេតុ​នៅ​ខេត្តបន្ទាយមានជ័យ ដែល​បណ្តាល​ឲ្យ​មនុស្ស ៣​នាក់​ស្លាប់​និង​២​នាក់​រងរបួស​ធ្ងន់ និង​ផ្ទះ​ប្រជាពលរដ្ឋ​៣​ខ្នង​រង​ការខូចខាត ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​អះអាង​បញ្ជាក់​ឲ្យ​ដឹងថា​ករណី​ផ្ទុះ​រថយន្ត​នោះ​មិន​ជាប់​ពាក់ព័ន្ធ​និង​អំពើ​ភេ​វរ​កម្ម​នោះឡើយ ហើយក៏​មិនជា​ប់​ពាក់ព័ន្ធ​និង​ការប្រើប្រាស់​បណ្តាលមកពី​ការដឹក​ផ្ទុក​រំសេវ​បំផ្ទុះ​TNT​នោះដែរ​។ ការផ្ទុះ​នោះ​អាច​បណ្តាលមកពី​មូលហេតុ​ចំនួន ២​ប្រភេទ​ទី​១-​សង្ស័យ​បង្ក​មកពី​ការ​រថយន្ត​ដឹក​ផ្ទុក​រំសេវ​ផាវ​គ្រាប់បែក​និង​ផាវ​កាំជ្រួច​ខុស​បច្ចេកទេស​មានការ​ក​កិត ដោយ​គ្មាន​ការ​វិច​ខ្ចប់​ត្រឹមត្រូវ​ឆ្លង​ចរន្ត​ភ្លើង​ទៅ​និង​ផាវ​គ្រាប់បែក ទី​២-​សង្ស័យ​អាច​ផ្ទុះ​ឆ្លង​ចរន្ត​ភ្លើង​ម៉ាស៊ីនរថយន្ត​ទៅនឹង​ផាវ​រំសេវ​គ្រាប់បែក ដឹក​ផ្ទុក​លើស​ទម្ងន់​កំណត់​សំពីងសំពោង​ដែលមាន​ចង​ដឹក​ផ្ទុក​ម៉ូតូ ៤​គ្រឿង​ពីលើ​រថយន្ត​នោះ​ថែម​ទៀតផង ទើប​អាច​បណ្តាល​ឲ្យ​ផ្ទុះ​តែម្តង​។ ការអះអាង​និង​ការបំភ្លឺ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​គឺ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ​និង​បង្ក​កើតមាន​ភាពវឹកវរ​ស​ង្គ​ម​។ ក្រោយពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្សាយ​បំប៉ោង​ថា​ករណី​នោះ​ជា​អំពើ​ភេរវកម្ម​រឺ​ការផ្ទុះ​គ្រាប់បែក​ទៅវិញ​នោះ​។​

      

 

 

​សូមបញ្ជាក់ថា​កាលពី​វេលា​ម៉ោង​ប្រហែល​១១​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ព្រែក​ល្ពៅ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ មាន​ករណី​រថយន្ត​១​គ្រឿង​ម៉ាក​IZUZU ដឹក​ផ្ទុក​រំសេវ​ផាវ​គ្រាប់​បែង​ជាច្រើន​តោន និង​ម៉ូតូ ៤​គ្រឿង បាន​រង​ការផ្ទុះ​លាន់​ទ្រហឹង​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ផ្ទុះ​គ្រាប់​មីនតោន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​។ ការផ្ទុះ​នោះ បណ្តាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​៣​នាក់​ស្លាប់ និង​អ្នកជិះ​ម៉ូតូ​រ៉ឺម៉ក មួយគ្រឿង​មាន​គ្នា ២​នាក់ នៅក្បែរ​កន្លែងកើតហេតុ​បាន​រងរបួស​ធ្ងន់ ត្រូវបាន​កម្លាំង​នគរបាល​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ស្រុក​មង្គលបុរី​។​

 

​ចំណែក​ប្រជាពលរដ្ឋ​លក់ដូរ​និង​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​គេច​ផុតពី​គ្រោះថ្នាក់​។ សាកសព​ជនរងគ្រោះ ៣​នាក់​និង​រថយន្ត​រួម​និង​ម៉ូតូ​៤​គ្រឿង​ត្រូវគេ​មើលឃើញថា​បាន​បែក​ជា​បំណែកៗ​ផ្លោង​ខ្ទាត​ចម្ងាយ​ពី​១០០​ម៉ែត្រ​ទៅ​២០០​ម៉ែត្រ​។ មិនតែប៉ុណ្ណោះ​ឥទ្ធិពល​នៃ​ការផ្ទុះ​ក៏បាន​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ទៅ​៤​ខ្នង​រង​ការខូចខាត​បែក​របើក​ដំបូល​និង​របើក​ជញ្ជាំង និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ផងដែរ​។​

      

​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​ប្រាប់​ឲ្យ​ដឹងថា រថយន្ត​នោះបាន​ធ្វើដំណើរ​ចេញពី​ក្រុង​សិរីសោភ័ណ​បម្រុង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​លុះ​មកដល់​កន្លែងកើតហេតុ​ក៏​ស្រាប់តែ​ផ្ទុះ​គ្មាន​មូលហេតុ​បណ្តាល​ឲ្យ​លាន់ឮ​ទ្រហឹង នាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​តក់​ស្ល​ត់​ជាខ្លាំង​។​

     

​បើតាម​ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ ទី​១-​ឈ្មោះ ញ៉ូ វិ​រៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជា​អ្នកបើករថយន្ត ទី​២-​ឈ្មោះ ព្រំ រស់ ភេទ​ប្រុស អាយ​៤៣​ឆ្នាំ រស់នៅ​ភូមិ​បត់​ត្រង់​លិច ឃុំ​បត់​ត្រង់ ស្រុក​មង្គលបុរី និង​ទី​៣-​ឈ្មោះ​សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ក្រុង​សិរីសោភ័ណ​។ ចំណែក​អ្នករងរបួស​២​នាក់​ទៀត​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ណោះ​ទេ​។​

      

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រពន្ធ​សព​ជនរងគ្រោះ​ប្រាប់​ឲ្យ​ដឹងថា​ប្តី​របស់គាត់​ជា​អ្នកបើករថយន្ត​ស៊ីឈ្នួល​ដឹកទំនិញ​ទៅវិញទៅមក​ពី​ក្រុង​សិរីសោភ័ណ​-​ភ្នំពេញ​ជា​យូរ​ឆ្នាំ​មកហើយ​។ នៅមុន​ថ្ងៃកើតហេតុ​ប្តី​គាត់​បាន​ទៅ​ដឹកទំនិញ​ចេញពី​ចំណតរថយន្ត​ចាស់​ក្នុង​ក្រុស​រិ​សោភ័ណ​។​មិនដឹងថា​ទំនិញ​នៅលើ​រថយន្ត​ជា​របស់​ថៅកែ​ណា​ម្នាក់​នោះឡើយ​។​ប៉ុន្តែ​កាលពី​ម្សិលមិញ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧ រថយន្ត​នោះ​ខូច​ប្តី​នាង​យកទៅ​ធ្វើ​នៅ​កន្លែង​ជាង​ជួសជុល​រថយន្ត​មួយ​ក្នុង​ក្រុង​សិរីសោភ័ណ លុះ​បន្ទាប់មក​ទើប​គាត់​ទៅយក​រថយន្ត​ពី​កន្លែង​ជាង​ទៅ​ដឹក​ផ្ទុកទំនិញ​នៅ​ចំណតរថយន្ត​នោះ​តែម្តង​។​

     

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធ ឡោះ ស្នងការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ទោះបីយ៉ាងណា​ក៏ដោយ​សមត្ថ​កិច្ច​នៅតែ​បន្ត​បើក​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លំអិត​បន្ថែមទៀត​ទៅលើ​បញ្ហា​ខាងលើ​នោះ ៕

 

ចំនួនអ្នកទស្សនា

    20615317

  • ថ្ងៃនេះ2051
  • ម្សិលមិញ9421
  • សប្តាហ៍នេះ57711
  • ខែនេះ172861
  • ឆ្នាំនេះ172861
  • សរុប20615317