កណ្ដាល ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលស្រុកល្វាឯមចាប់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១៩និង៥៧នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ សុង ថារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត មានទីលំនៅភូមិព្រែតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯមខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ នី រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករផលិតទឹកសុទ្ធ មានទីលំនៅភូមិព្រែតាអុងទី៣ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន ៦កញ្ចប់តូច និងម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FW-4357 ចំនួន១គ្រឿងផងដែរ ។
ប្រភពដដែលបន្តថា ជនសង្ស័យ២នាក់ខាងលើគឺជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ដែលសមត្ថកិច្ចបានតាមដានជាយូរមកហើយ តែពុំមានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកទៅលើក្រុមជនសង្ស័យបានឡើយ ។ លុះមកដល់វេលាថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលព័ត៌មានច្បាស់ការថា ក្រុមជនសង្ស័យ២នាក់ខាងលើកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀន ភ្លាមនោះសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលពាមឧកញ៉ាអុង ចុះពួនស្ទាក់បង្ក្រាបចាប់ខ្លួនជនសង្ស័យខាងលើរួមទាំងដកហូតវត្ថុតាងជាក់ស្ដែង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕