ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យរដ្ឋបាល-សរុប(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញគយ កម្លាំងនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមកាដឹកនាំសម្របសម្រួលពីសំណាក់ លោក សៀង សុខ ព្រះរាជអាជ្ញារង បានប្រតិបត្តិការបង្ក្រាបការណីដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់ ពីប្រទេសប្រេស៊ីល មកកម្ពុជា ឆ្លងកាត់ ABABA, និងHONG KONG គោលដៅចុងក្រោយប្រទេសថៃ និងបានឃាត់ខ្លួនជនសង្ស័យ៣នាក់ដែលជាជនបរទេស នៅចំណុចច្រកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងគោលមុខចំណុចមុខសណ្ឋាគារសំណាងល្អភ្នំពេញ ផ្លូវលេខ៣០៤ ស្ថិតក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧។
លោកវរសេនីយ៍ឯក អ៊ិន សុង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យជាជនបរទេសទី១-ឈ្មោះ Meyer Nancy Lela ភេទស្រី ជនជាតិអាមេរិក អាយុ៣២ឆ្នាំ អ្នកដឹកជញ្ជូនពីប្រទេសប្រេស៊ីលមកកម្ពុជា, ទី២-ឈ្មោះ Tipparat Mueanchan ភេទស្រី ជនជាតិថៃ អាយុ៣០ឆ្នាំ អ្នកដឹកជញ្ជូនពីកម្ពុជាទៅថៃ, និងទី៣-ឈ្មោះ Fortune Egwuonwu ភេទប្រុស អាយុ៣៣ឆ្នាំ បក្ខពួក អ្នកផ្សំគំនិត។
លោកប្រធានការិយាល័យបានបន្តក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតភស្តុតាងមានៈ ម្សៅសារធាតុញៀនប្រភេទកូកាអ៊ីន ទម្ងន់ ១២៣៧,៥ក្រាម ដែលលាក់បង្កប់ក្នុងឆ្អឹង និងបាតវ៉ាលី ចំនួន១វ៉ាលី និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមនីតិវិធី ៕