បើកបរ​ក្នុងស្ថានភាព​ងងុយដេក បង្ក​គ្រោះថ្នាក់​របួសធ្ងន់​ស្រាល​៥​នាក់ នៅ​ស្រុក​បារាយណ៍​

04-September-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ មនុស្ស​ប្រុស​-​ស្រី ៥​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ជាមួយ​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​និង​១០​នាទី នៅលើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២០-១២១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

លោក​វរសេនីយ៍ទោ រុំ សុវិជ្ជា ប្រធានការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ស ពាក់​ស្លាក់​លេខ 3A-7975 ភ្នំពេញ បើកបរ​ពី​ត្បូង​ទៅ​ជើង អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ ពេលមកដល់​កន្លែង​លើ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2Z-5954 ភ្នំពេញ បើកបរ​ពី​ជើង​ទៅ​ត្បូង ដោយ​ឈ្មោះ សែម ដា​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​វាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ និង​មាន​អ្នករួមដំណើរ​លើ​រថយន្ត​ទី​១-​ឈ្មោះ ញ៉េ សុខ ភេទ​ស្រី អាយុ​១៨​ឆ្នាំ របួស​បែក​ថ្ងាស​ស្តាំ​, ទី​២-​ឈ្មោះ អិត ស្រីអូន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ របួស​ដាច់​សាច់​ត្រចៀក​ឆ្វេង​, ទី​៣-​ឈ្មោះ ហៀក ដា​នី ភេទ​ស្រី អាយុ​៣២​ឆ្នាំ របួស​ពក​ក្បាល​ចំហៀង​ឆ្វេង​, និង​ទី​-​ឈ្មោះ​អ៊ុក សាវឿន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ របួស​ឈឺក្បាល​ឈឺ​ក​។ អ្នក​ទាំង ៤​ស្នាក់នៅ ភូមិ ឃុំ ជាមួយ​អ្នកបើកបរ​រថយន្ត សាំ​យ៉ុង​ខាងលើ ។​

​លោក​ប្រធានការិយាល័យ​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​មកពី​អ្នកបើកប​រថយន្ត ហ៊ីយ៉ានដាយ បើកបរ​ក្នុងស្ថានភាព​ងងុយដេក​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​វិញ​បាន​ក្រឡាប់​នៅ​កណ្តាល​ថ្នល់​មក​ប៉ះ​ជាមួយ​រថយន្ត​សាំ​យ៉ុង​មកពី​ទិស​ផ្ទុយគ្នា​។​

​ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​វាស់វែង​យក​មធ្យោបាយ​ពាក់ព័ន្ធ​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​បារាយណ៍​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

 

ចំនួនអ្នកទស្សនា

    20615507

  • ថ្ងៃនេះ2241
  • ម្សិលមិញ9421
  • សប្តាហ៍នេះ57901
  • ខែនេះ173051
  • ឆ្នាំនេះ173051
  • សរុប20615507