កណ្ដាល ៖ ក្មេងស្ទាវបក្ខពួក៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន បន្ទាប់ពីក្រុមក្មេងនេះបានបង្កហិង្សាទៅលើក្មេងស្ទាវមួយក្រុមទៀតកាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចទល់មុខកីឡាដ្ឋានខេត្តកណ្តាល ស្ថិតក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងស្ទាវមាន២ក្រុម ក្រុមទី១-មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) រីឯក្រុមទី២-មានគ្នាចំនួន៥នាក់ ទី១-ឈ្មោះ ជា ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទី២-ឈ្មោះ កែប ស្រស់ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ទី៣-ឈ្មោះ អ៊ុង វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ ទី៤-ឈ្មោះ អ៊ុក ចាន់ថង ភេទប្រុស អាយុ១៩ឆ្នាំ ទី៥-ឈ្មោះ ផល ណារ៉ុង ភេទប្រុសអាយុ១៩ឆ្នាំ ។ ជនសង្ស័យទី៣ ទី៤និងទី៥ មានទីលំនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។វត្ថុតាងដកហូតបានមាន៖ ម៉ូតូចំនួន៣គ្រឿងនិងដុំថ្មចំនួន៣ដុំ ។
ប្រភពដដែលបន្តថា តាមការរៀបរាប់ក្រុមក្មេងដែលចាប់ខ្លួន បានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមក្មេងទី១បាននាំគ្នាយកដុំថ្មមកគុបទៅលើក្រុមរបស់ខ្លួន(ក្រុទី២) ដោយមិនដឹងមានមូលហេតុអ្វីនោះទេ ភ្លាមនោះក្រុមរបស់ខ្លួនក៏នាំគ្នាយកដុំថ្មគុបតបតវិញ រហូតសមត្ថកិច្ចចុះមកបង្ក្រាបអន្តរាគមន៍ចាប់ខ្លួនក្រុមក្មេងទី២បានចំនួន៥នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកក្រុមទី១បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្ដង ៕