បាត់ដំបង ៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៨និង៣០នាទី នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង បានប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម អ៊ុយ រី ក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តមច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
អញ្ជើញចូលរួមក្នុងពិធីនោះដែរមាន ឯកឧត្តម លោកជំទាវ អគ្គស្នងការរង ប្រធាន អនុប្រធាននាយកដ្ឋាន អភិបាលរងខេត្តប៉ៃលិន មេបញ្ជាការភូមិភាគ ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ស្នងការរងនគរបាលខេត្ត មន្ត្រីរាជការចំណុះមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាច្រើនរូបទៀត។
តាមអនុក្រឹតលេខ១០១៧ អនក្រ.តត របស់រាជរដ្ឋាភិបាល ត្រូវបានផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផ្លាស់ឡើងកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ។ ចំណែក លោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ត្រូវបានផ្ទេរពីស្នងការរងនគរបាលរាជធានីភ្នំពេញ មកកាន់តំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងវិញតាមប្រកាសលេខ៤៣២៨ ប្រ.ក របស់ក្រសួងមហាផ្ទៃ និងបំពាក់ឋាន្តរៈសក្កិឧត្តមសេនីយ៍ទោផងដែរ ៕