បន្ទាយមានជ័យ ៖ ក្រោយពេលផ្ទុះរថយន្តដឹកផាវបណ្តាលឲ្យមានមនុស្សស្លាប់ ៣នាក់សមត្ថកកិច្ចហៅជនពាក់ព័ន្ធ ៩នាក់ មកសាកសួរ គឺផាវនាំចូលកម្ពុជារហូតពេលនេះជាង ២តោនតាមរបាយការណ៍កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី គីម ដូរ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរាយការថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅគឺមានរថយន្តគ្រឿងកំពុងបើកបរបានផ្ទុះបណ្តាលស្លាប់ ៣នាក់ ខ្ទិចសាច់និងរងរបួស ២នាក់និងប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋខូចខាត ៤២ខ្នង។
លោកបានបញ្ជាក់ថា ក្រោយពេលផ្ទុះកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេសសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការស្រាវជ្រាវរកឃើញថារថយន្តផ្ទុះស្លាប់និងរបួសនេះគឺបណ្តាលមកពីរថយន្តដឹកផាវបង្កឲ្យផ្ទុះឡើងស្លាប់ ៣នាក់របួស ២នាក់។ ហើយភ្លាមៗនោះដែលលោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងជំនាញស្រាវជ្រាវរកឃើញជនពាក់ព័ន្ធនិងកោះហៅជាបន្តបន្ទាប់មានស្រីប្រុសចំនួន ៩នាក់ ក្រោយពេលសាក សួរហៅត្រូវបានឲ្យត្រឡប់ទៅផ្ទះវិញ។
លោកឧត្តមសេនីយ៍ត្រី គីម ដូរ បានបញ្ជាក់ថា តាមចម្លើយជនពាក់ព័ន្ធគឺផាវដែលផ្ទុះក្នុងរថយន្តស្លាប់ ៣នាក់គឺមានផាវ ០៨កេសស្មើនិង៨០គីឡូក្រាម ហើយដែលរកស៊ីនាំផាវចូលពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរហូតដល់ពេលនេះដែលបង្កប់នាំចូលតាមរទេះជនពិការនាំចេញលក់តាមបណ្តាខេត្តនិងភ្នំពេញមានទម្ងន់ប្រមាណ២តោនមកហើយ។ ហើយមន្ត្រីគយនិងរដ្ឋករខេត្តបន្ទាយមានជ័យចាប់និងរឹបអូសយកផាវមានទំងន់ ២០៤គីឡូក្រាមសហការជាមួយមន្ត្រីស៊ីម៉ាក់យកទៅកំទេចចោល។
លោក សួន បវរ អភិបាលខេត្តសំណូមពរដល់មន្ត្រីស្ថាប័នពាក់ព័ន្ធច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវរឹតបណ្តឹងការត្រួតពិនិត្យរកផាវដើម្បីទប់ស្កាត់អោយបានចំពោះឈ្មួញដែលលួចនាំចូលផាវពីប្រទេសថៃមកកម្ពុជា ៕