បន្ទាយមានជ័យ ៖ រថយន្តធុនធំដឹកទំនិញបើកបុកអ្នកជិះម៉ូតូបណ្តាលរបួសធ្ងន់ស្រាលចំនួន ៥នាក់ ដែលកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលរូបអវតាលោកិស្វរៈ ស្ថិតភូមិគោករដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅពេលដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានរថយន្តធុនធំប្រភេទផ្លូវប្រាំ ១គ្រឿងដែលពាក់ស្លាក់លេខ ភ្នំពេញ3C-1583 បើកបរក្នុងទិសដៅខាងកើតរង្វង់មូលបំណងបត់ទៅទិសខាងលិចបណ្តាលឲ្យបុកម៉ូតូ១គ្រឿង ម៉ាក់ហុងដា សេរីឆ្នាំ២០១៦ ដែលពាក់ស្លាកលេខ បន្ទាយមានជ័យ1M-9360 ដែលបើកបរទិសដៅបញ្ច្រាសទិសគ្នាពីត្បូងទៅជើងបណ្តាលឲ្យមានរបួសធ្ងន់ស្រាល ៥នាក់ មានក្មេងតូចចំនួន ២នាក់ត្រូវបានសង្គ្រោះបន្ទាន់។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថា មូលហេតុដែលគ្រោះថ្នាក់កើតឡើងគឺបណ្តាលមកពីរថយន្តធុនធំដឹកទំនិញប្រភេទផ្លូវប្រាំ ១គ្រឿងដែលអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរត្រង់ចំណុចរង្វង់មូលផ្លូវបទហើយគ្មានការប្រុងប្រយ័ត្នទើបបណ្តាលបុកអ្នកជិះម៉ូតូរបួសធ្ងន់ស្រាលរហូតដល់ចំនួន ៥នាក់។
ក្រោយពេលវាស់វែងនិងពិនិត្យឃើញថា រថយន្តធុនធំជាអ្នកខុសដោយបើកបរទៅបុកអ្នកជិះម៉ូតូដែលបើកបរស្របផ្លូវ ព្រោះដោយសារអ្នកបើកបររថយន្តគ្មានការប្រុងប្រយ័ត្ន។ហើយរថយន្តត្រូវបានយកទៅរក្សាទុកនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ ៕