រតនគិរី ៖ ខណៈពេលនេះមានករណី គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង នៅវេលាម៉ោង៧និង៤០នាទី ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧នេះ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត កាមរីឆ្លាមមួយគ្រឿងបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកបង្គោលគីឡូម៉ែត្រលេខ៥៦៤ ប៉ើង ខ្លួនឯងប្រហែល ១០ម៉ែត្រ ហើយរថយន្តនោះក៏ក្រឡាប់ផ្ងារជើងឡើងលើ ចំណែកមនុស្សនៅក្នុងរថយន្តបានរងរបួសធ្ងន់ស្រាល ត្រូវបានប្រជាពលរដ្ឋជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។
ប្រភពបន្តថា រថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាម ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2J-2658 អ្នកបើកបរជាមន្ត្រីនគរបាលខេត្តរតនគិរី បាននាំប្រពន្ធនឹងកូនទៅចម្ការ ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ចំណែកប្រពន្ធកូនរងរបួសធ្ងន់បែកក្បាលនិងមុខ ឯប្តីរងរបួសស្រាល។
បច្ចុប្បន្នរថយន្តត្រូវបាននគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តរឹបអូសយកមករក្សាទុកដើម្បីឲ្យម្ចាស់រថយន្តជួសជុលបង្គោលគីឡូម៉ែត្រឡើងវិញផងដែរ ៕