បាត់ដំបង ៖ នារីរងគ្រោះម្នាក់ ដែលមាននាទីជាអ្នកចាប់ទឹកកកនៅក្នុងបន្ទប់ខារ៉ាអូខេបានសម្រេចចិត្តដាក់ពាក្យប្តឹងទៅលើយុវជនម្នាក់ដែលជាអ្នកគិតលុយនៅក្នុងទីតាំងខារ៉ាអូខេនោះដែរដោយសារតែនាងឆ្អែតចិត្តខ្លាំងពេក បន្ទាប់ពីរូបនាងត្រូវបានជនខាងលើចាប់បង្ខំនាងរួមភេទរហូតបានសម្រេចនៅក្នុងបន្ទប់ទឹក ខណៈដែលនាងមានសភាពស្រវឹងស្រឿងៗ ។
ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ក្រុមគ្រួសារនារីរងគ្រោះរួចមក នៅវេលាម៉ោង ១០និង២០នាទី ព្រឹក ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៧ កម្លាំងជំនាញ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែវ ចក់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ យីហោ អូមេហ្គា ផ្នែកគិតលុយ រស់នៅក្នុងខារ៉ាអូខេ អូមេហ្គា នេះ ដែលមានទីតាំងស្ថិតក្នុង ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយជននេះមានស្រុកកំណើតនៅភូមិ ផាត់សណ្តាយ
ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីបទ រំលោភសេពសន្ថវៈ ។
គួរបញ្ជាក់ដែរថា កាលពី វេលាម៉ោង ១និង៣០នាទី រំលងអាធ្រាត្រ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៧ នៅក្នុងបន្ទប់ទឹក ខារ៉ាអូខេអូមេហ្គា ប្លាទីន មានករណីចាប់រំលោភសេពសន្ថវៈមួយបានកើតឡើង ដែល ជនរងគ្រោះមានឈ្មោះ ជ ស ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេអូមេហ្គា ផ្នែកចាប់ទឹកកក ស្នាក់នៅក្នុងខារ៉ាអូខេ និងមានទីលំនៅ នៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្រោយពីមានការចាប់រំលោភនេះរួចមក បានមួយថ្ងៃនាងបានប្រាប់ទៅបងស្រីដើម្បីដាក់ពាក្យប្តឹងទៅលើជនសង្ស័យខាងលើ ដោយពាក្យបណ្តឹងនោះបានបញ្ជាក់ថានៅយប់កើតហេតុ ខណៈដែលនាងកំពុងដើរធម្មតានៅក្នុងកន្លែងធ្វើការ ស្រាប់តែជនសង្ស័យរូបនេះ បានទាញដៃនាងចូលទៅក្នុងបន្ទប់ខារ៉ាអូខេ ព្រមទាំងបានចាក់គន្លឹះពីខាងក្នុងជាប់ដោយមិនអោយនាងចេញពីបន្ទប់ឡើយ ក្នុងគោលបំណងចាប់នាងរំលោភ ផ្ទុយទៅវិញស្របពេលដែលនាងខំប្រឹងរើបម្រាស់ គឺយុវជនរូបនេះបានទាញកញ្ឆក់ដៃនាងអោយចូលទៅក្នុងបន្ទប់ទឹកមួយជាន់ទៀតថែមទាំងដាក់គន្លឹះដូចគ្នាដោយនាងស្រែកបានតែពីរ បី ម៉ាត់តែប៉ុណ្ណោះដោយសារតែគេបានគម្រាមទើបលែងហ៊ានរហូតបណ្តោយអោយគេរំលោភរហូតបានសម្រេចប្រមាណជិតកន្លះម៉ោង ។
ដោយសារតែមានការឈឺចាប់ ព្រមទាំងមានការអាម៉ាស់ផងនោះទើបនាងសម្រេចប្តឹងនិងឈានដល់ការចាប់ខ្លួនយុវជនរូបនេះ យកមកកាន់ទីបញ្ជាការដ្ឋានដើម្បីធ្វើការសាកសួរអំពីបញ្ហានេះ ដោយគេបានសារភាពថា ពិតជាបានធ្វើសកម្មភាពយ៉ាងដូច្នេះមែនដោយបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំឯកសារដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕