បើក​គោយន្ត​ឡើង​ផ្លូវជាតិ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្តបុក​ប៉ើង​របួសធ្ងន់​ម្នាក់​

11-September-2017 | ដោយ ពល បញ្ញា

​បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ដើម្បី​សង្គ្រោះ ខណៈដែល​បុរស​រូបនេះ​បាន​បើកបរ​គោយន្ត​កន្ត្រៃ​ចេញពីផ្ទះ ឡើងទៅ​លើផ្លូវ​ជាតិ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ក៏ត្រូវ​រថយន្តបុក​ពី​ចំហៀង​យ៉ាង​ពេញទំហឹង​តែម្តង ។​

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​អោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦ និង ១៥ នាទី ព្រឹក​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០១៧​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុមទី​៣ ភូមិ​កា​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង រវាង​រថយន្ត និង​គោយន្ត​កន្ត្រៃ ។​

​របាយការណ៍​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​គឺមាន​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ ដឹក​ខ្សាច់ ពាក់​ស្លាក​លេខ តាកែវ 3D-2379 អ្នកបើកបរ ឈ្មោះ តាំង រាជ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​សំបូរ ស្រុក​ទ្រាំង ខេត្តតាកែវ បាន​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ។​

លុះ​នៅពេលដែល​រថយន្ត​នេះ​បាន​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​គោយន្ត​កន្ត្រៃ​កូនកាត់​សណ្តោង​រ៉ឺម៉ក​មួយគ្រឿង ដែល បើកបរ​ដោយ​ឈ្មោះ ដៀង វឹង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​កា​ឡោម​ភ្លុក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្ត​បាត​ដំបង បាន​បើក​ចេញពីផ្ទះ​ឡើងទៅ​លើផ្លូវ​ជាតិ​ដោយ​មិនបាន​មើលមុខ មើល​ក្រោយ ទើបត្រូវ​រថយន្ត​នោះ​បុក​ចំ​ពី​ចំហៀង​យ៉ាង​ពេញទំហឹង​តែម្តង​ធ្វើអោយ​អ្នកបើកបរ​គោយន្ត​ផ្លោង​ធ្លាក់​ទៅលើ​ទ្រូងផ្លូវ បណ្តាលអោយ​រងរបួស​ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ រីឯ​រថយន្ត​ក៏បាន​ជ្រុល​ចង្កូត​ក្រឡាប់​តែម្តង ដោយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវ ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី​ចំណែក​រថយន្ត និង​គោយន្ត​កន្ត្រៃ ត្រូវបាន​ប៉ូលីស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ជា​បណ្តោះអាសន្ន​រង់ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ៕

 

ចំនួនអ្នកទស្សនា

    20615997

  • ថ្ងៃនេះ2731
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58391
  • ខែនេះ173541
  • ឆ្នាំនេះ173541
  • សរុប20615997