ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានធ្វើសន្និសីទបង្ហាញមុខទំនើងនិងឃាត់ម៉ូតូដែលកែច្នៃខុសលក្ខណៈទ្រង់ទ្រាយដើមនិងម៉ូតូគ្មានស្លាកលេខចំនួន ១០៤គ្រឿង ដែលចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានឲ្យដឹងថា ដោយមានបញ្ជាយ៉ាងម៉ឹងម៉ាត់ពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការល្បាតនិងត្រួតពីនិត្យម៉ូតូដែលមានលក្ខណៈសង្ស័យ។
លោកបន្តថា ម៉ូតូដែលបំពាក់ប្រព័ន្ធភ្លើងបំភ្លឺខុសស្តង់ដាកំណត់មានចំនួន បីគ្រឿង៩(មានស្លាកលេខត្រឹមត្រូវធ្វើការអប់រំ), ម៉ូតូដែលមានម៉ាស៊ីនបញ្ចេញសម្លេងខ្លាំងខុសពីបទដ្ឋានបច្ចេកទេសមានចំនួន ១៣គ្រឿង(មានស្លាកលេខត្រឹមត្រូវធ្វើការអប់រំ), ម៉ូតូគ្មានស្លាកលេខចំនួន ៨៨គ្រឿងបញ្ជូនទៅចរាចរណ៍រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។
លោកអធិការបញ្ជាក់ថា សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជិះម៉ូតូអោយមានលក្ខណៈត្រឹមត្រូវ មានស្លាកលេខនិងកុំកែច្នៃខុសបច្ចេកទេសដើម ព្រោះអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃទៀតផង ៕