កណ្ដាល ៖ សមត្ថកិច្ចស្រុកកោះធំធ្វើការចាប់ខ្លួនជនសង្ស័យនាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យខាងលើជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ឈិន ឆាយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលដំរីលើ ឃុំកំពង់កុងស្រុកកោះធំ ខេត្តកណ្ដាល ទី២-ឈ្មោះ ញ៉ិល ពិសី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល និងទី៣-ឈ្មោះ ខាន់ ឈុនឡេង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន ៤កញ្ចប់, ម៉ូតូ មួយគ្រឿង ម៉ាកហុងដាគុប ធុន៧០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ, ទូរស័ព្ទដៃ ៣គ្រឿងនិងជំពាមកៅស៊ូចំនួន២ផងដែរ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍កំពង់កុង បានធ្វើការចុះល្បាតនៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងនិងងាយរងគ្រោះផងនោះ លុះមកដល់ចំណុចកើតហេតុក៏បានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាជនសង្ស័យកំពុងជួញដូរនិងចែកចាយគ្រឿងញៀននៅចំណុចផ្លូវទិញ ស្ថិតក្នុងភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ភ្លាមនោះកម្លាំងប៉ុស្ដិ៍កំពង់កុង បានសហការជាមួយនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកកោះធំ ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ ក៍បានជួបមុខសញ្ញាសង្ស័យ២នាក់ ម្នាក់ឈ្មោះ ឈិន ឆាយ និងឈ្មោះ ញ៉ិល ពិសី រួចត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន៤កញ្ចប់តូចនៅជាប់ខ្លួនជនសង្ស័យទាំង២នាក់ រួមទាំងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន បញ្ជូនមកប៉ុស្តិ៍កំពង់កុងដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ថ្នាំញៀនដែលនគរបាលដកហូតនេះ គឺពួកគេកាន់ឲ្យឈ្មោះ គាន សេងថៃភេទប្រុស បន្ទាប់មក កម្លាំងជំនាញ បានបន្តស្រាវជ្រាវរកឈ្មោះ គាន សេងថៃ តែពុំឃើញ ក៍ប៉ុន្តែបានឃាត់ខ្លួនអ្នកមកទិញថ្នាំញៀនយកទៅប្រើប្រាស់ម្នាក់ទៀត ឈ្មោះ ខាន់ ឈុនឡេង ភេទប្រុស អាយុ១៥ឆ្នាំដែលធ្វើដំណើរមករកទិញថ្នាំញៀនពីឈ្មោះ ឈិន ឆាយ រួចក៏បាននាំខ្លួនជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕