ភ្នំពេញ ៖ ជនជាតិនីហ្សេយ៉ា បីនាក់ត្រូវបានកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចុះត្រួតពិនិត្យចំនួនពីរគោលដៅ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទី។
គោលដៅទី១-កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ ប៉ុស្ដិ៍បឹងទំពុន១ បានចុះត្រួតពិនិត្យនៅទីតាំងផ្ទះលេខ១១២ ផ្លូវលេខ១០BT សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថាជាលទ្ធផលឃើញមានជនជាតិ នីហ្សេរីយ៉ា ម្នាក់ ភេទប្រុស ឈ្មោះ CHUWU EMEKA OKEKE អាយុ៣៤ឆ្នាំ កំពុងស្នាក់នៅពុំមានលិខិតឆ្លងដែន។
គោលដៅទី២-កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីធ្វើការសម្រង់ស្ថិតិជនបរទេសស្នាក់នៅតាមផ្ទះជួល នៅចំណុចផ្ទះជួលលេខ ២៩ ផ្លូវ លេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
លោកវរសេនីយ៍ទោ អ៊ា ភក្តី នាយរងការិយាល័យបានឲ្យដឹងថាជាលទ្ធផល រកឃើញជនបរទេសជនជាតិនីហ្សេរីយ៉ា ចំនួន០២ នាក់ ភេទប្រុស ដោយបានលួចស្នាក់នៅខុសច្បាប់លើសសុពលភាពទិដ្ឋាការស្នាក់នៅ។
បច្ចុប្បន្នកម្លាំងបានយកមកសាកសួរ នៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តន៍នីតិវិធីបន្ត ៕