កណ្ដាល ៖ កុមារាម្នាក់បានលង់ទឹកស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម៌ បន្ទាប់ពីទៅខាងក្រោយផ្ទះជាមួយឪពុក ខណៈដែលឪពុកកំពុងជាប់រវល់បញ្ចូលហ្គាសដោយមិនបានមើល ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៣និង០៥នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល ។
មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យនិងបច្ចេកទេសវិទ្យាសាស្ត្រស្រុកស្អាងបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ ឡា រក្សា ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាងខេត្តកណ្តាល មានឪពុកឈ្មោះ គិត ផល្លា អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ។
ប្រភពដដែលបានបន្តថា តាមការបំភ្លឺរបស់លោក គិត ផល្លា ឪពុកកុមាររងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុខ្លួនបានយកកូនទៅលេងនៅខាងក្រោយផ្ទះ រួចបានទុកកូនចោលមួយភ្លែតសិនដើម្បីទៅបញ្ចូលហ្គាស ខណៈកំពុងតែជាប់រវល់បញ្ចូលហ្គាសបានចំនួន២០កំប៉ុង ក៏បាត់កូនរបស់ខ្លួនមិនឃើញនៅលេងកន្លែងដែលខ្លួនទុកនោះ ក៏ដើរសួរបងប្អូនអ្នកជិតខាងតែគ្មានអ្នកមួយឃើញនោះទេដោយមានការសង្ស័យក៏ដើរមកមើលឯកំពុងទឹកខាងក្រោយផ្ទះ ស្រាប់តែឃើញកុមាររងគ្រោះអណ្តែតនៅលើផ្ទៃទឹក ភ្លាមៗនោះ ខ្លួនជាឪពុកនិងបងប្អូនជិតខាងបានស្រវ៉េស្រវ៉ាជួយសង្គ្រោះតែជាអកុសលកុមាររងគ្រោះបានស្លាប់បាត់ទៅហើយ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចផ្នែកកោសល្យវិច្ច័យស្រុកស្អាងបានធ្វើការចុះមកពិនិត្យសាកសពជនរងគ្រោះរួចបានបញ្ជាក់ថា កុមាររងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕