ព្រះសីហនុ ៖ ប្រភពពីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៧ នេះ សមត្ថកិច្ចបានទទួលដំណឹងថា មានបុរសម្នាក់ បានដួលម៉ូតូស្លាប់នៅក្នុងទឹក នៅទំនប់បង្ហៀរទឹក ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា តាមផ្លូវលំ ចេញពីផ្លូវជាតិលេខ៤ ប្រមាណ៨គីឡូម៉ែត្រ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ផ្លុង ចាន់វិបុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីយោធា នៃតំបន់ប្រតិបត្តិការសឹករងស្រុកកំពង់សីលា។
សមត្ថកិច្ចបានបន្តថាមុនពេលកើតហេតុជនរងគ្រោះបាន ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ លាយក្រហម ចេញពីផ្ទះតាំងពីម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី២០មកម្ល៉េះ ទំនងមកចូលរួមហូបចុកក្នុងពិធីសែនព្រេន បុណ្យភ្ជុំបិណ្ឌ។ ពេលត្រឡប់មកវិញ ឆ្លងកាត់ចំណុចខាងលើ បានរអិលដួលឈ្លក់ទឹកស្លាប់តែម្តង។
សាកសពត្រូវបានកម្លាំងជំនាញធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕