សៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីជនសង្ស័យទាំង០២នាក់ ប្រព្រឹត្តបទល្មើស កំហែងយក (យកម៉ូតូនិងប្រាក់) កាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុច ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។
យោងតាមបណ្តឹងជនរងគ្រោះឈ្មោះ ស.ស.ធ.រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហាងនំប៉័ងផ្សារលើ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ បានរៀបរាប់អោយដឹងថា កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង០១និង៣០នាទី រំលងអាធ្រាត្រជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះអោយជិះម៉ូតូឌុបខ្លួនដើរលេង ។ ជនរងគ្រោះ បានឌុបជនសង្ស័យ ដល់ចំណុចក្រោយហាងស៊ុបគោខ្មែរ ស្ថិត នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ជនសង្ស័យបានធ្វើសកម្មភាពយកដៃលូកចូលក្នុងកាបូបយកកាំបិតចុងស្រួចប្រវែងប្រហែល៣០សង្ទីរម៉ែត្រភ្ជុងពោះជនរងគ្រោះ តែត្រូវជនរងគ្រោះចាប់ដៃជាប់ប្រតាយប្រតប់គ្នាបណ្តាលអោយជនរងគ្រោះរងរបួសចំភ្លៅ ហើយជនសង្ស័យ បានវាយជនរងគ្រោះដួលទៅនឹងដី ចាប់ចងដៃចងជើង យកស្គុតមកបិតមាត់ និងបានដកយក ទូរស័ព្ទ០១គ្រឿង ទៅជាមួយផងដែរ ហើយជនសង្ស័យបានទុក ទូរស័ព្ទរបស់ខ្លួន០១គ្រឿងដែរដើម្បីបន្តធ្វើការទាក់ទងគ្នា ដោយកំណត់អោយជនរងគ្រោះរកលុយចំនួន៧០០ដុល្លារ យកមក លោះយកម៉ូតូទៅវិញក្នុងរយៈពេល០៣ថ្ងៃ រួចហើយ បានឡើងជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់តែម្តង។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ នគរបាលក្រុងសៀមរាប ដឹកនាំផ្ទាល់ដោយលោកអធិការ និងលោកអធិការងទទួលផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានធ្វើការស៊ើបអង្កេត រហូតដល់ថ្ងៃទី១៩ ខែឆ្នាំដដែលវេលាម៉ោង២៣និង៣០នាទី ខណៈពេលដែលជនសង្ស័យបានទូរស័ព្ទ មកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយើងកំណត់អត្តសញ្ញាណបាន និងធ្វើការឃាត់ខ្លួនបក្ខពួកនិងជនសង្ស័យបានចំនួន០២នាក់ ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី-ឈ្មោះ រំ ដារ៉ា ហៅ ដូង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិភ្ញារជ័យ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប(ជាចារី)។ និងទី២- ឈ្មោះ លឹម លីហួរ ហៅ កាត់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកឡានដឹកទឹកកក បច្ចុប្បន្នរស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (អ្នកសមគំនិត)។
សមត្ថកិច្ចដកហូតវត្ថុតាងៈ ម៉ូតូ មួយគ្រឿងម៉ាកZoomer ពណ៌សលាយព្រីងទុំ លេខតួ 5138504,លេខម៉ាស៊ីន0138504។ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។
យោងតាមរចម្លើយសារភាពនិងវត្ថុតាងដកហូតបាន ជនសង្ស័យនឹងវត្ថុតាង ត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕