បាត់ដំបង ៖ ទីតាំងល្បែងអនឡាញ ដែលជ្រកក្រោមស្លាកអ៊ិនធឺណិត ចំនួន៣កន្លែងដែលស្ថិតនៅកណ្តាលក្រុងបាត់ដំបង និងស្ថិតនៅក្នុងចំណោមអនឡាញមិនក្រោម៥០កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ច នៃក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចេញប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក ដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការដែលទើបនឹងមកកាន់ដំណែងថ្មីថ្មោងផងនោះ ។
ក្នុងកិច្ចប្រតិបត្តិការនេះដែរ គឺបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ដោយលោក ឈឿង គិមសុង ប្រធានក្រុមបង្ការ បង្ក្រាប និងមានការដឹកនាំដោយលោកស្នងការរង ជេត វណ្ណនី ព្រមទាំងមានការចូលរួមពីលោក ព្រះរាជអាជ្ញារង សេង ផានិត ផងដែរ ។
យុទ្ធនាការនេះគឺបានធ្វើឡើងទៅលើទីតាំងចំនួន៣ ដែល ទីតាំងទី១ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ឃាត់ខ្លួនក្រុមក្មេងៗបានចំនួន៧នាក់ដកហូត នូវវត្ថុតាងមួយចំនួនរួមមាន៖ម៉ូនីទ័រ ១៣ គ្រឿង, កុំព្យូទ័រ ១១ គ្រឿង, ឃីបត ចំនួន១២, ម៉ៅចំនួន៨, ម៉ាស៊ីនព្រីនចំនួន២គ្រឿង( តូច១ ), ហាតឌីស១, ប្រាក់រៀល ចំនួន១៣២ ៦០០រៀល, និងប្រាក់ដុល្លារ ចំនួន ១៥៤ដុល្លារ, ម៉ាស៊ីនគិតលេខ១និងឯកសារពាក់ព័ន្ធមួយចំនួន ។
ទីតាំងទី២ យីហោអលីដេ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ឃាត់ខ្លួនមនុស្សបានចំនួន២នាក់ ដកហូត អេក្រង់កុំព្យូទ័រ ៩ គ្រឿង,ម៉ាស៊ីនកុំព្យូទ័រ ១៣ គ្រឿង, ឃីបត៨ម៉ៅ៧ ហាតឌីស១, ដុំអ៊ិនធឺណិត ( វ៉ាយហ្វាយ )មួយ, ប្រាក់រៀលចំនួន ២ ៤៩៣ ០០០រៀល និងប្រាក់ដុល្លារចំនួន ១៦៧ ដុល្លារ ។
ទីតាំងទី៣ យីហោ៦៦៦៦ ក្នុងភូមិកម្មករ ដូចគ្នា ឃាត់ខ្លួនមនុស្សបានចំនួន១៤នាក់ដកហូតបាន ម៉ូនីទ័រ ៣០គ្រឿង, កុំព្យូទ័រ ៣០ គ្រឿង, ឃីបត ៣០, ម៉ៅ៣០, កាស២៨, ហាតឌីស១, លុយចំនួន ១ ៥៧៨ ៤០០ រៀល, ម៉ូតូចំនួន៧គ្រឿង និងកង់ចំនួន១គ្រឿង។
បច្ចុប្បន្នក្រោយពេលបង្ក្រាប សម្ភារៈទាំងអស់បាននាំយកទៅរក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ដោយឡែកទីតាំងអ៊ិនធឺណិតដ៏ច្រើនសន្ធឹកសន្ធាប់ទៀតនោះ កំពុងតែសំងំយ៉ាងស្ងាត់ឈឹង ដែលនេះ សបញ្ជាក់អោយឃើញថា ជាការបង្ក្រាបក្នុងន័យព្រមានដល់ទីតាំងដទៃអោយដឹងថា នេះគឺជាបទបញ្ជាយ៉ាងតឹងរឹងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការថ្មី ៕