ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ ១៣គ្រួសារ រស់នៅផ្លូវចូលទៅផ្ទះតាម៉ុកក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជួយផ្ដល់បណ្ណកម្មសិទ្ធ ដល់ដីលំនៅដ្ឋានដល់ពួកគាត់ទាំង១៣គ្រួសារនេះផង។
ដោយពួកគាត់ដាក់ពាក្យស្នើសុំដល់អាជ្ញាធរ ឃុំ-ស្រុក ជាច្រើនខែមកហើយដោយគ្មានការឆ្លើយតប។ បែជាលោក ស្ដើង វ៉ាន់ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងទៅបោះបង្គោលយកជាប់ទៅនិងផ្ទះរបស់គាត់ដែលកំពុងរស់នៅសព្វថ្ងៃដោយមានបំណងចង់រំលោភយកដីរបស់ពួកគាត់ដោយសង្ស័យថា មាននាក់មានអំណាចមួយចំនួននៅស្រុកអន្លង់វែងនៅពីក្រោយខ្នងរឿងនេះ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋទាំង១៣គ្រួសារបានលើកឡើងដូចគ្នាថា ពួកគាត់បានរស់នៅទីនេះជិត២០ឆ្នាំមកហើយ ពុំទាន់មានបណ្ណកម្មសិទ្ធនៅឡើយទេ ហើយកាលពី ៦ខែមុននេះពួកគាត់បានដាក់សុំណើចូលទៅអាជ្ញាធរឃុំអន្លង់វែង ដើម្បីទទួលបានសិទ្ធកាន់កាប់ដោយស្របច្បាប់។ ចាប់ពីពេលដែលពួកគាត់បានដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនោះមកគឺស្ងាត់ឈឹងរហូតដោយគ្មានការឆ្លើយតបពីអាជ្ញាធរ រឺក៏ជំនាញណាមួយឡើយ។
ក្រោយមកក៏ស្រាប់តែឃើញខាងជំនាញសុរិយោដីស្រុកអន្លង់វែងលោក ស្ដើង វ៉ាន់ណេត យកបង្គោលស៊ីមងត៍ទៅបោះខាងមុខផ្ទះដោយមានគោលបំណងចង់ឃ្លុំដីរបស់ពួកគាត់យក។
ដោយឃើញនាក់មានអំណាចទៅបោះបង្គោលនៅនិងសរសរផ្ទះរបស់គាត់ បែបនេះធ្វើអោយពួកគាត់មានការព្រួយបារម្ភនិងភ័យខ្លាចយ៉ាងខ្លាំង ដែលពួកគាត់គ្មានបណ្ណកម្មសិទ្ធ។
ដោយពួកគាត់សូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឯកឧត្តមសរ ថាវី សូមជួយពួកគាត់អោយបានទាន់ពេលវេលាផងបើពុំនោះទេដីផ្ទះរបស់ពួកគាត់ប្រឈមនិងនាក់មានអំណាចរំលោភយក ដោយសារតែដីមានតម្លៃ។
ហើយនេះជារឿងអំពើអយុត្តិធម៌មកលើពួកគាត់ខ្លាំងណាស់ពីព្រោះដីនាក់មានអំណាចរាប់ហិចតានៅជុំវិញដីរបស់ពួកគាត់បែជាមានបណ្ណកម្មសិទ្ធទទួលដឹងលឺគ្រប់លំដាប់ថ្នាក់រីឯដីរបស់ពួកគាត់បន្តិចបន្តួចមានទាំងផ្ទះរស់នៅអចិន្ដ្រៃផងនោះ បែជាអាជ្ញាធរ មិនអើពើជាមួយពួកគាត់ទៅវិញ។
លោកវង្ស ភ័ក្ដ្រ មេឃុំអន្លង់វែង បានឲ្យដឹងតាមទូស័ព្ទថា លោកពិតជាបានទទួលពាក្យស្នើសុំពីប្រជាពលរដ្ឋទាំង១៣គ្រួសារនោះ ពិតប្រាកដមែន ហើយលោកក៏បានធ្វើសំណើទៅសាលាស្រុកទាំងពីពេលនោះមកហើយដែរ តែមិនទាន់ឃើញខាងស្រុកឆ្លើយតបទេ ហើយលោកក៏គ្មានសិទ្ធសម្រេចដែរ។ លោក ស្ដើង វ៉ាន់ ណេត ប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែង លោកមិនបានបកស្រាយទេលោកថាជាប់រវល់ប្រជុំ ៕