ពោធិ៍សាត់ ៖ គួរឲ្យអាសូរកសិកររងគ្រោះម្នាក់ប្រកបមុខរបរកសិកម្មធ្វើស្រែបានចេញពីផ្ទះស្ពាយធុងទៅបាញ់ថ្នាំស្មៅទៅវាលស្រែម្តុំចំណុចបត់កង់ស្ថិតនៅក្នុងភូមិទៀនព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបុរសរងគ្រោះ ប្រកបមុខរបរកសិកម្មនៅទីនោះ បានពុលថ្នាំបាញ់ស្មៅបណ្តាលឲ្យស្លាប់ នៅកណ្តាលវាលស្រែ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ។
តាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះឈ្មោះ សុខ នៅ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិដង្គៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានស្ពាយធុង និងថ្នាំបាញ់ស្មៅ ពីផ្ទះ យកទៅដល់វាលស្រែ ហើយលាយថ្នាំបាញ់កម្ចាត់ស្មៅ ខណៈពេលជនរងគ្រោះកំពុងបាញ់ថ្នាំ ដែលខ្លួនលាយលើសចំណុះ ទើបបណ្តាលឲ្យ គ្រោះថ្នាក់ដល់អាយុជីវិតបែបនេះ ដោយបន្សល់ទុកនូវស្ត្រីជាប្រពន្ធឲ្យនៅមេម៉ាយ និងកូន០៤នាក់ ក្លាយជាកូនកំព្រាឪពុក ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះ បានលាយថ្នាំកម្ចាត់ស្មៅក្នុងស្រែលើសចំណុះ ម្យ៉ាងរូបជនរងគ្រោះ ក៏មានវ័យចំណាស់កម្លាំងខ្សោយ មិនអាចទ្រាំទ្រ នឹងឥទ្ធិពលថ្នាំបាន ទើប បណ្តាលឲ្យស្លាប់ បាត់បង់ជីវិតតែម្តង ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងបានប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕