ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុបានដឹកនាំកម្លាំងចូលរួមសហការជាមួយក្រុមការងារបានចុះត្រួតពិនិត្យដោយផ្ទាល់ ចំពោះការអនុវត្តសេចក្ដីជូនដំណឹងរបស់សាលាខេត្តព្រះសីហនុ ស្តីពី ការហាមឃាត់ រថយន្តដឹកជញ្ជូនធុនធំ និង ធុនធ្ងន់ធ្វើចរាចរណ៍ ក្នុងទីប្រជុំជន និង ការលាងសម្អាតកង់និងតួរថយន្តដឹកដី មុនធ្វើចរាចរណ៍លើផ្លូវសាធារណៈ ក្នុងក្រុងព្រះសីហនុ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីព្រឹក។
ការចុះអនុវត្តនេះ ដឹកនាំដោយលោក ជា វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះអនុវត្ត ការងារ នៅចំណុចវិថីផែ ពីស្ថានីយប្រេងឥន្ធនៈសូគីម៉ិចកែងរ៉ា រហូតដល់ មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ច្រកទី២) និង លើផ្លូវជាតិលេខ៤ មុខក្រុមហ៊ុនសូ ងួន និង ក្រុមហ៊ុនលាយស៊ីម៉ងត៍ អ៊ុយញ៉ុង មានខ្លឹមសារដូចជាៈ ទី១-ណែនាំតំណាងក្រុមហ៊ុនទាំងអស់ កុំឲ្យអ្នកបើកបរ យកចំណីផ្លូវឈប់ចត បង្កការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ទី២-ហាមដាច់ខាតកុំឲ្យរថយន្តធុនធំ ចូលក្នុងក្រុងព្រះសីហនុ ខុសពេលវេលាដែលរដ្ឋបាលខេត្តព្រះសីហនុកំណត់, ទី៣-មុនពេលចេញពីការ៉ាស់ ឡើងលើផ្លូវជាតិ ផ្លូវខេត្ត ត្រូវលាងសម្អាតកង់រថយន្ត និង តួរថយន្ត កុំឲ្យប្រលាក់ផ្លូវ និងហុយដី ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ, ទី៤-កុំឲ្យពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ពិសារគ្រឿងស្រវឹងក្នុងពេលបើកបរ អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង, ទី៥-បើកបរកុំឲ្យមានល្បឿនលឿន វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងយោគយល់គ្នាក្នុងពេលបើកបរ ៕