បាត់ដំបង ៖ ក្មេងស្រីវ័យ១៣ឆ្នាំ ត្រូវបានបិសាចតណ្ហា ដែលត្រូវជាបងថ្លៃ ចាប់រំលោភបានសម្រេចរហូតចំនួន៤លើក ទើបត្រូវធ្លាយអាថ៌កំបាំង បន្ទាប់ពីឪពុកមានការសង្ស័យហើយក៏បានតាមមើល ខណៈដែលជនសង្ស័យដែលត្រូវជាកូនប្រសាររូបនេះ នាំគ្នាទៅមើលគេបណ្តែតប្រទីប ហើយបាននាំក្មេងស្រីចេញពីទីប្រជុំជនស្ងាត់ៗ ។
លោក មាឃ សាមិត្ត អធិការរងបានឲ្យដឹងថា បើយោងតាមពាក្យបណ្តឹងពីឪពុកក្មេកឈ្មោះ ឡៅ លី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបងគឺនៅយប់ថ្ងៃកើតហេតុចុងក្រោយ គឺថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទីយប់ គឺនៅពេលដែលអ្នកភូមិជាច្រើននាក់ បាននាំគ្នាទៅមើលគេបណ្តែតប្រទីបនៅក្នុងអូរបឹងទឹម ហើយឆ្លៀតពេលនោះគឺជនសង្ស័យបាននាំក្មេងស្រីទៅរំលោភនៅក្នុងគុម្ពោធព្រៃ ហើយក៏ត្រូវឪពុកតាមទាន់ផងដែរ ក្រោយពេលដែលនាងដើរចេញមកវិញ ។
ក្មេងស្រីរងគ្រោះដែលកំពុងមានសភាពស្លេកស្លាំង និងគ្រុនផងនោះគឺមានឈ្មោះ ល ស ត អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ចំណែកជនសង្ស័យដែលត្រូវជាបងថ្លៃមានឈ្មោះ បូ សំបាន ភេទប្រុស អាយុ២៣ឆ្នាំ មានភរិយា និងមានកូនមួយ ដែលទើបនឹងឆ្លងទន្លេនៅពេលប៉ុន្មានខែកន្លងទៅនេះ ។
ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក សមត្ថកិច្ចបានសុំគោលការទៅលោកព្រះរាជអាជ្ញានួន សាន ព្រមទាំងបានចុះទៅនាំខ្លួននៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នេះ ដើម្បីយកមកសាកសួរអំពីដំណើររឿង ។ នៅចំពោះមុខសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសង្កែ គឺជនសង្ស័យបានរៀបរាប់ថា ខ្លួនបានចាប់បង្ខំប្អូនថ្លៃដើម្បីរួមភេទតាំងពី អំឡុងខែ ឧសភា ឆ្នាំ២០១៧ មកម្ល៉េះ រហូតបានសម្រេច ដោយកាលនោះគ្មានអ្នកណានៅផ្ទះទេ ព្រោះរវល់ចុះទៅរកត្រីដើម្បីលក់ចិញ្ចឹមជីវិត ។
ជនសង្ស័យបានសារភាពបន្តថា លុះនៅក្នុងខែមិថុនា គឺខ្លួនបានបង្ខំរួមភេទជាមួយនាងម្តងទៀតនៅលើផ្ទះ ក្នុងពេលយប់ ខណៈដែលប្រពន្ធរបស់ខ្លួនដេកលក់ ។ ក្រោយមកប្រហែលជាក្នុងខែសីហា ទើបខ្លួនចាប់បង្ខំរួមភេទជាមួយនាងបានម្តងទៀត គឺបានសម្រេចរាល់លើកនៅលើផ្ទះដដែល ខណៈដែលគ្មានមនុស្សនៅផ្ទះ ។
នៅលើកចុងក្រោយនេះគឺនៅយប់ដែលអ្នកភូមិបានរៀបចំពិធីបណ្តែតប្រទីប នៅក្នុងទឹកអូរដោយពេលនោះរូបគេ និងប្រពន្ធ ព្រមទាំងប្អូនថ្លៃ ក៏បានទៅលេងទាំងអស់គ្នា ដោយនៅពេលនោះ នារីរងគ្រោះបានពឹងបងស្រីខ្លួនអោយជួយជូនទៅផ្ទះមួយភ្លែត ដើម្បីយកសោរម៉ូតូទៅអោយឪពុក ប៉ុន្តែដោយសារតែបងស្រីជាប់កូនតូចទើបអោយបងថ្លៃ( ជនសង្ស័យ ) ជួយជូន លុះទៅដល់ក្បែគុម្ពោធព្រៃតាមផ្លូវ ជនសង្ស័យក៏បានអូសដៃនាងចូលទៅក្នុងព្រៃរំលោភម្តងទៀតទាល់តែបានសម្រេច ប៉ុន្តែចៃដន្យអី ពេលដែលនាងដើរចេញពីព្រៃមកវិញ ត្រូវឪពុកមកទាន់ទើបមានការសង្ស័យ ប៉ុន្តែឪពុកបានសំងំសិនលុះព្រឹកឡើងទើបប្តឹងទៅសមត្ថកិច្ចអោយចុះទៅនាំខ្លួនតែម្តង ។
បច្ចុប្បន្នក្រោយពីបានសាកសួរ និងក្រោយពីទទួលបានចម្លើយសារភាពរួចមក ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំឯកសារដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ដោយឡែកក្មេងស្រីដែលមានវ័យ១៣ឆ្នាំ ក៏ត្រូវបានប្រគល់ទៅអោយខាងអង្គការដែលជាដៃគូ ពាក់ព័ន្ធ ក្នុងការយកទៅថែទាំទៅតាមជំនាញ ៕