ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​ករណី​រក្សាទុក​ថ្នាំញៀន​នៅ​ខណ្ឌមានជ័យ​

07-October-2017 | ដោយ ពល បញ្ញា

​ភ្នំពេញ ៖ សមត្ថកិច្ច​ចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​មានជ័យ​ធ្វើការ​ឃាត់ខ្លួន​មុនដំបូង​បុរស​ជា​ប្តី​ដោយ​ឆែកឆេរ​រកឃើញ​មាន​លាក់ទុក​ថ្នាំញៀន មួយកញ្ចប់​តូច​ក្នុង​ប្រអប់​បារី ដោយ​គិតថា​បុរស​ជា​ប្តី​នោះ​ជា​អ្នក​សេព​ថ្នាំញៀន​មិន​ពាក់ព័ន្ធ​នឹង​ប្រពន្ធ​នោះទេ​។​

ក្រោយពី​ធ្វើតេស្ត​ទឹកនោម​ស្ត្រី​ជា​ប្រពន្ធ​ទើប​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​ក៏មាន​សារធាតុ​ផងដែរ​នោះ​សមត្ថកិច្ច​ក៏​សម្រេចចិត្ត​ធ្វើការ​ឃាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​តែម្តង​។​

​ហេតុការណ៍​ឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​វត្ត​ន​ន្ទ​មុនី លើ​កំណាត់​ផ្លូវ​២១៧ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ខណៈដែល​សមត្ថកិច្ច​ចម្រុះ​ដាក់​គោលដៅ​ឆែកឆេរ និង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ដែល​ដឹកនាំ​ដោយ​លោក ឌី រ័​ត្ឋ​ខេ​ម​រុណ អភិបាល រង នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​។​

​ជនសង្ស័យ​មានឈ្មោះ ឌួង គង្គា អាយុ​២០ និង​ប្រពន្ធ​ឈ្មោះ សុខ លី អាយុ​២៣​ឆ្នាំ អ្នក​ទាំងពីរ​បម្រើការ​ងារ​នៅ​ក្លឹប​ខារ៉ាអូខេ ស្នាក់នៅ​ផ្ទះជួល​ខាងក្រោយ​រោងភាពយន្ត​គីរីរម្យ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​អ្នកប្រើប្រាស់​ថ្នាំ ញៀន​ពួកគេ​បាន​ឌុប​គ្នា​ទៅលេង​ផ្ទះ​ឪពុកម្តាយ​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​​ពួកគេ​ចេញពី​លេង​ផ្ទះ​ឪពុកម្តាយ​ហើយក៏​ជិះ​ម៉ូតូ​ទៅ​ថ្នាំញៀន​នៅ​ម្តុំ​ក្លឹប​មី​ត​ណាយ​មួយថង់​តូច​តម្លៃ​២​ម៉ឺន​រៀល​ដើម្បី​សេព​។​

​សមត្ថកិច្ច​បន្តថា ក្រោយពី​ទិញ​ថ្នាំញៀន​ហើយ ពួកគេ​ជិះ​ម៉ូតូ​ត្រឡប់​ទៅ ផ្ទះ​របស់ខ្លួន​វិញ​នៅឯ​ខាងក្រោយ​រោងភាពយន្ត​គីរីរម្យ ខណ្ឌចំការមន​។ នៅពេល​ពួកគេ​ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​សមត្ថកិច្ច​យើង​ក៏បាន​ឆែកឆេរ​រកឃើញ​មាន​រក្សាទុក​ថ្នាំញៀន​មួយថង់​តូច​នៅក្នុង​ប្រអប់​បារី​ដាក់​ក្នុង​ហោប៉ៅ​ខោ​បុរស​ជា​ប្តី​នោះ ហើយ​ភ្លាមៗ​សមត្ថកិច្ច​ក៏​ចាប់​ឃាត់ខ្លួន​នាំមក​កាន់​ស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ​។ ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​មួយ​កូន​ថង់​តូច និង​ម៉ូតូ​មួយគ្រឿង​ម៉ាក Scopy ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FG-2872 ។​

សមត្ថកិច្ច​បន្តថា ក្រោយពី​សួរនាំ​ហើយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ក៏​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់ ៕


ចំនួនអ្នកទស្សនា

    20618357

  • ថ្ងៃនេះ5091
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60751
  • ខែនេះ175901
  • ឆ្នាំនេះ175901
  • សរុប20618357