បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានសត្វគោចំនួន៣ក្បាលដែរដែលបានងាប់ភ្លាមៗដែលបំណែកសាកសពសត្វគោមើលសឹងមិនយល់ ព្រមទាំងរងរបួសចំនួន៥ក្បាល នៅក្នុងចំណោមគោមួយហ្វូង ដែលបានដើរកាត់ក្នុងដីស្រែដែលម្ចាស់ធ្លាប់ធ្វើស្រែរាប់ឆ្នាំមកហើយ បានជាន់ទៅលើគ្រាប់មីនតោនបណ្តាលអោយផ្ទុះឡើង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថានៅវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចលើដីស្រែរបស់លោកឧកញ៉ា សង ថន ដែលស្ថិតនៅខាងជើងស្រះកាកបាទក្រហមប្រហែល ២៥០ម៉ែត្រ ក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់មីនតោនមួយបានកើតឡើង ខណៈដែលមានសត្វគោមួយហ្វូងបានដើរជាន់ពីលើ ។
របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុគឺមានសត្វគោជាច្រើនក្បាល ដែលមានម្ចាស់ឈ្មោះ មាន អាត ភេទប្រុស អាយុ៦១ឆ្នាំ និងឈ្មោះ អ៊ីវ អាង ភេទប្រុស អាយុ៣៧ឆ្នាំ អ្នកទាំងពីររស់នៅក្នុង ភូមិ-ឃុំ កើតហេតុខាងលើ ដោយម្ចាស់បានព្រលែងអោយសត្វគោទាំងអស់នោះដើរស៊ីស្មៅពាសវាល ពាសកាលដោយសារតែបច្ចុប្បន្នគ្មានស្រូវឬដំណាំអ្វីនៅក្នុងដីស្រែខាងលើ ហើយក៏បានជាន់ទៅលើគ្រាប់មីនតោន បណ្តាលអោយផ្ទុះឡើងតែម្តង ។
ជាក់ស្តែងនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសង្កេតឃើញថា មានសត្វគោងាប់ចំនួន៣ក្បាល ដោយមើលសឹងមិនយល់ព្រោះមានការដាច់ខ្ទេចខ្ទីអស់ និងគោចំនួន៥ក្បាលទៀតបានរងរបួស ។
ប្រភពមួយចំនួនបាននិយាយថា កាលពីមុនក្នុងតំបន់ខាងលើនេះ គឺជាសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញរវាងកងទ័ពព្រៃ ជាមួយនិងកម្លាំងរបស់រាជរដ្ឋាភិបាល ដូច្នេះហើយបានជាបច្ចុប្បន្នគ្រាប់មីននៅសល់ក្នុងដីខ្លះដោយអង្គភាពស៊ីម៉ាក់ មិនទាន់បានបោសសំអាតអស់នៅឡើយ ហើយវាក៏ជាចៃដន្យដែរ ព្រោះទីតាំងនេះម្ចាស់បានធ្វើស្រែរាប់សិបឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីបន្តិចសោះ លុះសត្វគោមកជាន់ស្រាប់តែមានការផ្ទុះឡើងតែម្តង ៕