ភ្នំពេញ ៖ មាកការភ្ញាក់ទាំងព្រឹកនៅសាលាសង្កាត់ស្ទឹងមានជ័យ ដោយសារតែមន្ត្រីគ.ជ.ប និងក្រុមប្រឹក្សាបានខឹងសម្បារកសោរចាក់ចូលធ្វើការទទួលចុះឈ្មោះបោះឆ្នោតបាន ដោយសារមូលហេតុស្នាក់ការចុះឈ្មោះបោះឆ្នោតចាក់សោរទ្វារ ហើយអ្នកកាន់សោរនោះជាចៅសង្កាត់មិនដឹងទៅណា ក៏នាំសម្រេចកាត់ផ្តាច់សោរចូលធ្វើការ។
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ នៅសា្នកការចុះឈ្មោះបោះឆ្នោត ស្ថិនៅសាលាសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប្រភពពីពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍ថា លោកបានកំពុងអង្គុយផឹកកាហ្វេស្រាប់តែមានការភ្ញាក់ផ្អើលឡើងដោយបានឃើញមន្ត្រីក្រុមប្រឹក្សានិងមន្ត្រីគ.ជ.ប គាស់ផ្តាច់សោរ ដោយសារពួកគាត់និយាយថាចៅសង្កាត់កាន់សោរទៅណាបាត់ទេ អត់បើកទ្វារឲ្យចូលធ្វើការ។
មន្ត្រីគ.ជ.ប ម្នាក់បាននិយាយថា ថ្វីត្បិតតែថ្ងៃនេះជាថ្ងៃអាទិត្យមែន ការឈប់សម្រាក់មានតែមន្ត្រីសាលាសង្កាត់ធម្មតាទេ ដោយឡែកសម្រាប់ក្រុមមន្ត្រីគ.ជ.ប អត់ឈប់សម្រាក់នោះទេ មិនថាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យឡើយ។ គឺត្រូវ មកប្រចាំការទទួលចុះឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ដូចនេះបើចៅសង្កាត់គាត់រវល់ ក៏ត្រូវមានវត្តមានលោកចៅរងទី១ទទួលបន្ទុកនៅប្រចាំការដើម្បីមើលការខុសត្រូវចំពោះពលរដ្ឋណាគាត់មានឯកសារត្រឹមត្រូវ គឺចៅរងទី១នឹងចាំស៊ីញ៉េ បញ្ជាក់ឲ្យពលរដ្ឋនោះ។ តែពេលនេះពួកគាត់អត់ឃើញមកប្រចាំការទាំងអស់ ហើយចៅសង្កាត់រងទី១នោះក៏ជាបក្សប្រឆាំងដូចគ្នាដែរមិនថាគាត់ធ្វើការយ៉ាងម៉េចទេ។
ពាក់ព័ន្ធនិងករណីខាងលើនេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យបានបញ្ជាក់ប្រាបឲ្យដឹងដែរថា នេះជាបញ្ហាដែលចៅសង្កាត់រូបនេះមិនគោរពតាមតួរនាទី ហើយធ្វើបែបនេះពិតជាកំហុសធ្ងន់ណាស់ ចឹងត្រូវធ្វើរបាយការណ៍ទៅសាលារាជធានីដើម្បីផ្តល់ការណែនាំចំពោះបញ្ហានេះ។ លោកថា ចំពោះអ្នកណាកាន់សោរនោះវាមិនសំខាន់ទេ តែ ធ្វើយ៉ាងម៉េចយើងត្រូវទទួលការណែនាំ និងទទួលខុសត្រូវ។ លោកបន្ថែមថា ចៅសង្កាត់នេះបានសុំច្បាប់ឈប់សម្រាក់ពីលោកដែរ តែលោកបានតម្រូវឲ្យទៅសុំច្បាប់ពីសាលារាជធានីភ្នំពេញ ហើយមាននីតិវិធីត្រឹមត្រូវ។ តែគាត់អត់បានធ្វើតាមការណែនាំទេ ហើយគាត់សុំច្បាប់ក៏ធ្វើតាមបែបបទរដ្ឋបាលទេគឺគាត់សុំឆៅតែម្តង ចឹងនេះជាបញ្ហា៕