ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរារចណ៍រវាងរថយន្តបីគ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់និងរបួសម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោងប្រហែល២០និង១០នាទី នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០២-២០៣ ខាងកើតស្ពានអូរកំបុត ក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-1651 សណ្ដោងរ៉ឺម៉កដឹកខ្សាច់ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានឡើងជែង រថយន្តមួយគ្រឿងម៉ាក មីស៊ុយប៊ីស៊ី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AO-3143 ជិះគ្នាចំនួន ពីរនាក់ ដែលមានទិសដៅស្របគ្នា ពេលដល់ផ្លូវកោងមានស្ពាន ក៏មានរថយន្តកុងតឺន័រ មួយគ្រឿង ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-6132 បើកបញ្ច្រាសទិសគ្នា បានមកដល់ ឃើញមានឧបសគ្គខាងមុខ រថយន្តដឹកដីខ្សាច់ ក៏គេចប៉ះនឹងរថយន្តដឹកកុងតឺន័រ រួចជ្រុលកៀរអូសរថយន្ត មីតស៊ុយប៊ីស៊ី ប្រហែលជា ៣០ម៉ែត្រ បណ្ដោយឲ្យក្រឡាប់ កៀបសង្កត់មនុស្សក្នុងរថយន្ត ។
សមត្ថកិច្ចបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យ ស្លាប់មនុស្សម្នាក់ នៅនឹងកន្លែងកើតហេតុ អ្នកបើកបររថយន្ត មីស៊ុយប៊ីស៊ី ឈ្មោះ ឃូ ស៊ីមន ភេទ ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងរងរបួសមនុស្សម្នាក់ ឈ្មោះ អាត សីលា ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ និស្សិត មានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ភ្នំពេញ អ្នករួមដំណើរលើរថយន្ត មីស៊ុយមីស៊ី បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព888។ ចំណែកអ្នកបើករថយន្តធុនធំ ទាំងពីរ បានគេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់ ៕