បុរសម្នាក់ខឹងសង្សារផឹកស៊ីជាមួយអ្នកជិតខាង ទាញកាំប៉័ងតោអារក បណ្តាលឲ្យរបួសធ្ងន់​ នៅសង្កាត់ស្ទឹងមានជ័យទី៣

10-October-2017 | ដោយ ពល បញ្ញា

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបុរសជាសង្សារកំណាន់ចិត្តយកកាំបិតប៉័ងតោអារក បណ្តាលឲ្យរបួសធ្ងន់ត្រូវអ្នកជិតខាងបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្គ្រោះជីវិតភ្លាមៗ។ ហេតុការណ៍ប៉ុនប៉ងមនុស្សឃាត់ខាងលើកើតឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០០ម៉ោង២០នាទីរំលងអាធ្រាត្រ នៅចំណុចបន្ទប់ជួលជាន់ទី១ ផ្ទះគ្មានលេខ  ផ្លូវបេតុង  ក្រុមទី០៤ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

លោកវរសេនីយ៍ត្រី ហ៊ួ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យបានឲ្យដឹងជនសង្ស័យឈ្មោះ សៀវ ហ្វុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ  បញ្ចូលបទភ្លេងទូរស័ព្ទ ស្នាក់នៅនៅផ្ទះជួល ផ្លូវបេតុង ភូមិ ត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ (គេចខ្លួន) ចំណែកជនរងគ្រោះឈ្មោះ កែវ ស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ  នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ របួសបំពង់ក និងដៃខាងស្តាំ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ។ វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុរួមមាន៖ កាំបិតបុ័ងតោចំនួន មួយ។

 

លោកអធិការរងបន្តថានៅមុនពេលកើតហេតុជនរងគ្រោះ បានជួបជុំផឹកស៊ីជាមួយអ្នកជួលបន្ទប់ ជិតខាង  ពេលនោះជនសង្ស័យជាសង្សារឈ្មោះ សៀវ ហ្វុង បានមកឃើញមានការប្រច័ណ្ឌក៏រករឿងឈ្លោះប្រកែក គ្នា  បន្ទាប់មកជនសង្ស័យ បានយកកាំបិតបុ័ងតោមកធ្វើសកម្មភាពអារកជនរងគ្រោះ ខណៈនោះជនរងគ្រោះបានចាប់កាំបិតប្រតាយប្រតប់ និង ស្រែកឲ្យគេជួយ  ជនសង្ស័យឈ្មោះ សៀវ ហ្វុង  ក៏បានទម្លាក់កាំបិតចោល ហើយរត់គេចខ្លួនបាត់  ចំណែកជនរងគ្រោះ ត្រូវបានអ្នកជិតខាងបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ តែម្តង។

 

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយការិយាល័យជំនាញ ធ្វើការស្រាវជ្រាវជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ចំនួនអ្នកទស្សនា

    20620537

  • ថ្ងៃនេះ7271
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62931
  • ខែនេះ178081
  • ឆ្នាំនេះ178081
  • សរុប20620537