កំពង់ស្ពឺ ៖ មុខសញ្ញាចោរប្លន់ម៉ូតូម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៣ទាបភ្លឺ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ ឃុត សុផល អធិការស្រុកសំរោងទងបានឲ្យដឹងថាជនសង្ស័យឈ្មោះ វ៉ាន រតនា ប្រុស១៧ឆ្នាំ និងបក្ខពួក៤នាក់ទៀតមានទី១-ឈ្មោះ ឃួន មេត្តា ប្រុស២៤ឆ្នាំ, ទី២-ឈ្មោះ ម៉េង ប្រុស២៧ឆ្នាំ, ទី៣-ឈ្មោះ ធី ប្រុស២១ឆ្នាំ, និងទី៤-ឈ្មោះ រស្មី ប្រុស២០ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ នុត ចាន់រី ប្រុស២៨ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង។
លោកអធិការបន្តថាមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូទៅផ្សារថ្នល់ទទឹង ក្រុមជនល្មើស បានស្ទាក់ភ្ជង់គម្រាមដោយអាវុធ ក្នុងនោះមាន បក្សពួក ៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក C125 បន្ទាប់ពីធ្វើសកម្មភាពរួចបក្សពួកបានគេចខ្លួនបាត់។
ក្រោយកិច្ចអន្ដរាគមន៍ សមត្ថកិច្ចឃាត់បានមុខសញ្ញាយកម៉ូតូជនរងគ្រោះបានមកវិញ និងដកហូតអាវុធខ្លី មួយដើម ម៉ាកK54 ថ្នាំញៀនចំនួន ៣កញ្ចប់, ស្រោមអាវុធខ្លីចំនួនមួយនៅនឹងខ្លួនជនល្មើល។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងរៀបចំឯកសារដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត ៕